មានបុគ្គលិក VOD សរុប២៨នាក់ បានដាក់ពាក្យស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ តាមរយៈក្រសួងមុខងារសាធារណៈ ខណៈមានការសន្តោសពីសម្តេចតេជោ !

ចែករំលែក៖

ភ្នំពេញ ៖ បើតាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់បណ្តាញព័ត៌មានសារព័ត៌មាន  នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ អោយដឹងថា, ឱសានវាទ នៃការអនុញ្ញាតឱ្យបុគ្គលិក VOD ស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមុិញនេះ ខណៈដែល មានបុគ្គលិក VOD សរុប២៨នាក់ បានដាក់ពាក្យស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ តាមរយៈក្រសួងមុខងារសាធារណៈ។

ការអនុញ្ញាតឱ្យបុគ្គលិក VOD ដាក់ពាក្យសុំបម្រើការងារក្របខណ្ឌរដ្ឋនេះ ធ្វើឡើងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវានៃក្តីស្រឡាញ់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលសម្រេចផ្តល់ការងារក្របខណ្ឌមន្ត្រីរាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ VOD ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព បន្ទាប់ពីវិទ្យុ VOD ត្រូវបានក្រសួង​ព័ត៌មាន​បិទការផ្សាយ ព្រោះការផ្សាយព័ត៌មានខុស និងមិនព្រមកែតម្រូវ ឬសូមទោស​ជាសាធារណៈចំពោះកំហុសលើការផ្សាយនេះ។

អតីត​បុគ្គលិក​របស់វិទ្យុ VOD ត្រូវបានគេអះអាងថា មានចំនួនសរុបជាង ៥០នាក់ ក្នុងពេលដែល VOD ត្រូវបានបិទ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសសម្រាប់ការដាក់ពាក្យចូលបម្រើការងារក្នុង​ក្របខណ្ឌរដ្ឋ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានក្តីអនុគ្រោះ និងឱកាសដ៏កម្រនេះ អតីតបុគ្គលិករបស់វិទ្យុ VOD ក៏បានមកដាក់ពាក្យចូលបម្រើការងារក្របខណ្ឌរដ្ឋជាបន្តបន្ទាប់។សម្តេចតេជោ ហ៊ុនសែន បានបង្ហោះ នៅថ្ងៃ ទិវានៃក្តីស្រឡាញ់យ៉ាងដូច្នេះថា, ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មាន ឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។សម្តេចបញ្ជាក់ថា, ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។សម្តេចតេជោ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។សម្តេចតេជោ មានប្រសាសន៍ថា, រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។

សម្តេចតេជោ បន្តថា, សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុង របស់យើងហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់ យើងនោះឡើយ។ជនបរទេសគ្មានសិទ្ធិ មកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។សម្តេចតេជោថ្លែងថា, ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print