ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម និងកម្ពុជា ៖ នៅមានឱកាសនិងសក្តានុពលជាច្រើនក្នុងការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនបណ្តាក់ទុនរួម Vinamilk បានសម្ពោធរោងចក្រទឹកដោះគោ​អង្គរ​, ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានបើកសាខាទី ៨ នៅក្នុងប្រទេសកម្ពុជា, រោងចក្រកែច្នៃជ័ររបស់ក្រុមហ៊ុន VRG បានកើតចេញនៅខេត្តកំពង់ធំ គឺជាចំណុចលេចធ្លោនៅក្នុងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាមនិងកម្ពុជា កាន់តែរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តួលេខដែលគួរឲ្យចាប់អារម្មណ៍ ស្តីពីវិស័យពាណិជ្ជកម្ម  និងការវិនិយោគ​ គឺគ្រប់គ្រាន់ក្នុងការបង្ហាញពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធបំផុតក្នុងនាមជាប្រទេសជិតខាង។ ប៉ុន្តែក្រុមអ្នកឯកទេសវិភាគនាពេលកន្លងមកបានយល់ស្របគ្នាថា  សក្តានុពលនិងឱកាសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងវៀតណាមនឹងកម្ពុជា​នៅមានទំហុំធំជាងនេះទៅទៀត។

ឱកាស AEC

ក្នុងស្ថានភាពដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន ហៅកាត់ថា AEC បានលេចចេញជាផ្លូវការកាលពីចុងឆ្នាំ​២០១៥ ។ យើងអាចនិយាយបានថា មិនដែលមានក្រុមហ៊ុន ប្រទេសទាំងពីរមានឱកាសល្អប្រសើរដូចជាពេលនេះក្នុងការពង្រីកទីផ្សារ ពង្រីកការនាំចេញនោះឡើយ។

ជាមួយនឹងភាពងាយស្រួល ដោយប្រទេសទាំងពីរ មានខ្សែបន្ទាត់ព្រំដែនរួមប្រវែងជាង ១ពាន់គីឡូម៉ែត្រ និងមានចំណុចស្រដៀងគ្នាក្នុងទំនៀមទម្លាប់វប្បធម៌ សង្គម វៀតណាមនិងកម្ពុងជា កំពុងតែឆ្ពោះទៅកាន់គោលដៅនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីគិតជាទឹកប្រាក់កើនឡើងដល់ជាង​៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នាពេលដ៏ខ្លីខាងមុខ។ ក្នុងរយៈពេល​៣ឆ្នាំកន្លងមក សរុប តម្លៃពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាមមាន ៣,៤ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺកើនឡើងមធ្យម ៥,៨ភាគរយ។

តាមប្រសាសន៍លោក ង្វៀងបាវ អគ្គទីប្រឹក្សា ពណិជ្ជកម្មរបស់វៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា​ អំពីការវិនិយោគ​ គិតដល់ខែឧសភាឆ្នាំ​២០១៦ ក្រុមហ៊ុនវៀតណាមបានឡើងគម្រោងវិនិយោគរហូតដល់​១៨៣គម្រោង គិតជាទឹកប្រាក់​២,៨៥ពាន់លានដុល្លារអាមេរិកជាទុនវិនិយោគនៅកម្ពុជា។

អំពីវិស័យពាណិជ្ជម្ម គិតដល់ដំណាច់ឆ្នាំ​២០១៥  តម្លៃពាណិជ្ជកម្មទ្វេភាគី វៀតណាម-កម្ពុជា មានរហូតដល់ ៣,៣៧ពាន់លានដុល្លារ ។តាមអ្នកឯកទេសសេដ្ឋកិច្ច  គោលដៅនាំឲ្យតួលេខខាងលើកើនឡើងរហូតដល់​៥ពាន់លានដុល្លារ គឺស្ថិតនៅក្នុងកណ្តាប់ដៃ របស់ក្រុមហ៊ុននិង អង្គភាពពន្ធដារ។ វៀតណាមគឺជាដៃគូ ពាណិជ្ជកម្មទ្វេភាគី ធំទី​៣របស់កម្ពុជា ។ ក្រៅពីនេះ វៀតណាមគឺជាប្រទេសនាំមុខពីចំនួនទេសចរចូលកាន់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ផ្ទុយទៅវិញវៀតណាមក៏ជាទីតាំងឈានមុខសម្រាប់ភ្ញៀវទេសចរកម្ពុជាមកកម្សាន្ត។

វិនិយោគលើវិស័យកសិកម្មបានស៊ីជម្រៅ

ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនិងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាបានប្រារព្ធឡើងនៅរាជធានី​ភ្នំពេញនៅខែឧសភាឆ្នាំ​២០១៦  តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC  បណ្ឌិត យន ហែង ប្រធាននាយកដ្ឋានសម្រាប់ការវាយតម្លៃនិងការវិនិយោគបានវាយតម្លៃខ្ពស់ពីក្រុមហ៊ុនវៀតណាម ដែលកំពុងតែវិនិយោគនៅកម្ពុជា ។

នៅចំពោះមុខតំណាងក្រុមហ៊ុនវៀតណាមជាង​១០០នៅកម្ពុជា​លោកយនហែងបានបញ្ជាក់ថា គោលនយោបាយវិនិយោគបើកទូលាយរបស់កម្ពុជាក៏ដូចជាការបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់លិខិតស្នាមដល់បណ្តាក្រុមហ៊ុន ព្រមទាំងបរិយាកាសវិនិយោគ ច្បាប់វិនិយោគមានភាពងាយស្រួល។

ក្រៅពីវិស័យពាណិជ្ជកម្មនិងវិនិយោគ ហិរញ្ញវត្ថុ ការផលិតទំនិញប្រើប្រាស់ និងវិស័យ អភិវឌ្ឍន៍កសិកម្មរវាង កម្ពុជានឹងវៀតណាមបានស៊ីជម្រៅ រឹងមំា ។ កាលពីខែសីហាឆ្នាំ​២០១៥ នៅក្នុងពិធីកាត់ខ្សែបូរោងចក្រកែច្នៃជ័រកៅស៊ូវៀតណាមរបស់ក្រុមហ៊ុន VRG  នៅក្នុងប្រទេសកម្ពុជា  រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បានបញ្ជាក់ថា វៀតណាមបានពង្រីកទំនាក់ទំនងមិត្តភាពជាទ្រង់ទ្រាយធំជាមួយកម្ពុជាលើគ្រប់វិស័យ ក្នុងនោះមានវិស័យកសិកម្មជាអាទិភាព។

អំពីវិស័យកសិកម្ម ឧបនាយករដ្ឋមន្ត្រី លឹមឆៃលី បញ្ជាក់ថា គម្រោង ដាំដំណាំកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម នៅកម្ពុជាបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ  កាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋកម្ពុជា។

ឱកាសវិនិយោគ សហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម នៅមានទស្សនវិស័យជាច្រើនទៀត  ។ ប៉ុន្តែដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរ អ្នកឯកទេសសេដ្ឋកិច្ច​បានលើកឡើងថា ​អាជ្ញាធរពាក់ព័ន្ធ​ អង្គភាពពន្ធដារ ត្រូវតែផ្តល់ភាពងាយស្រួលដល់ការនាំចូលជាបណ្តោះអាសន្ន​និង ការនាំចេញ។

ឆ្នាំ​១៩៩៧ -១៩៩៩ វិស័យពាណិជ្ជកម្មទ្វេភាគី មានត្រឹមតែ ១៣០-១៥០ លានដុល្លារប៉ុណ្ណោះ​ ប៉ុន្តែនៅឆ្នាំ​២០០៥ បានកើតឡើងរហូតដល់ទៅ ៣០-៤០ភាគរយ ។នៅឆ្នាំ២០០៧បានកើនឡើងរហូតដល់ទៅ​ ១,២ពាន់លានដុល្លារ, ឆ្នាំ ២០០៨មាន ១,៦ពាន់លានដុល្លារ ,ឆ្នាំ​២០០៩ មាន ១,៣៣ពាន់លានដុល្លារ ,ឆ្នាំ​២០១០ មាន ១,៨ពាន់លានដុល្លារ ,ឆ្នាំ​២០១១មាន ២,៨ពាន់លានដុល្លារ។

គិតដល់ឆ្នាំ​២០១៥ ក្រុមហ៊ុនវៀតណាម បានវិនិយោគមកលើកម្ពុជា មានរហូតដល់ទៅ​១៧២គម្រោង ដែលមានទុនវិនិយោគដល់ទៅ ៣,៦ពាន់លានដុល្លារ  ក្នុងនោះមានទុនបញ្ជូនតាមធនាគាមានប្រមាណ ១ពាន់លានដុល្លារ  ក្រៅពីនេះជាទុនខ្ចីពីធនាគារកម្ពុជា ។គម្រោងវិនិយោគជាច្រើនបានជះឥទ្ធិពលដោយផ្ទាល់ដល់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានវិស័យកសិកម្ម ថាមពល ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ទូរគមនាគមន៍ជាដើម។

ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា កាន់តែរីកចម្រើន ទទួលបានជោគជ័យ ផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែរ ជាផ្នែកមួយក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងយ៉ាងល្អប្រសើរ មិត្តភាព ប្រពៃណី សហប្រតិបត្តិការយូរអង្វែង រវាងវៀតណាម-កម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសហប្រតិបត្តិការក្នុងតំបន់និងនៅលើពិភពលោកទាំងមូល៕

image001

image002

image004

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print