ប្រសិនបើរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន លោកខាងលិចមិនមានអ្វីបារម្ភពេលចំណាយប្រាក់ជាច្រើនក្នុងការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ។ ប៉ុន្តែបើមានចិនជួយដល់រុស្ស៊ីនោះ សង្គ្រាមនឹងត្រូវផ្លាស់ប្តូរទម្រង់ អាចជាការប្រឈមមុខផ្ទាល់ជាមួយចិននិងរុស្ស៊ី។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃព្រហស្បតិ៍នេះ បានទទូចឱ្យប្រទេសចិនកុំបញ្ជូនអាវុធជួយសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន ហើយជំនួសមកវិញ លោកបានស្នើឱ្យទីក្រុងប៉េកាំងដាក់សម្ពាធលើទីក្រុងមូស្គូដើម្បីឱ្យដកទ័ពចេញពីអ៊ុយក្រែន។
ក្នុងសុន្ទរកថាថ្លែងទៅកាន់សភាអាល្លឺម៉ង់ លោក សូល បាននិយាយថា វាគឺជារឿងគួរឱ្យខកបំណងមួយ ដែលទីក្រុងប៉េកាំងនៅតែមិនព្រមចូលរួមថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ក៏ប៉ុន្តែរូបលោកស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងរបស់ចិន ដែលសំដៅជួយបន្ធូរបន្ថយភាពតានតឹងអាវុធនុយក្លេអ៊ែរ។ លោក សូល បានបន្តដូច្នេះថា «សាររបស់ខ្ញុំផ្ញើទៅកាន់ទីក្រុងប៉េកាំងគឺច្បាស់ណាស់៖ សូមប្រើប្រាស់ឥទ្ធិពលរបស់អ្នកលើទីក្រុងមូស្គូ ដើម្បីជំរុញឱ្យមានការដកកងទ័ពរុស្ស៉ី ហើយសូមកុំផ្គត់ផ្គង់សព្វាវុធណាមួយឡើយដល់រុស្ស៉ី ដែលជាអ្នកឈ្លានពាន»។
កាលពីសប្តាហ៍កន្លងទៅ ចិនបានចេញផ្សាយគោលជំហរ១២ចំណុចរបស់ខ្លួនស្តីពីដំណោះស្រាយតាមផ្នែកនយោបាយ សម្រាប់វិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ ពាក់ព័ន្ធនឹងរឿងនោះ លោកអធិការបតីអាល្លឺម៉ង់ បានលើកឡើងយ៉ាងដូច្នេះថា «យើងមានសិទ្ធិរំពឹងថា ចិនគួរពិភាក្សាគំនិតខ្លួនជាមួយភាគីពាក់ព័ន្ធចម្បងៗ នោះគឺប្រជាជនអ៊ុយក្រែន ហើយនិងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី»។
យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងសប្តាហ៍នេះ គឺសហរដ្ឋអាមេរិកកំពុងតែព្យាយាមស្វែងរកការគាំទ្រ ពីក្រុមសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន ស្តីអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មទៅលើចិន ប្រសិនបើទីក្រុងប៉េកាំងផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៉ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន៕ ដោយធីរីណា
រូបថត : VOV.VN