ភ្នំពេញ : អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បាន ប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៥៦៤២/ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ដែលត្រូវជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយ បរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ក្រោយពីបានធ្វើសវនាការពិភាក្សាដេញដោលចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូត ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្ម ទណ្ឌលេខៈ ១៨២ “ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសម្រេចសេចក្ដីដូចខាងក្រោម៖
១. ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ សញ្ជាតិ ខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ (ម្ភៃប្រាំពីរ) ឆ្នាំ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬ បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
២.ផ្តន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេ
បោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។
៣.ដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវគោរពកាតព្វកិច្ច មួយចំនួនដូចខាងក្រោម ៖
-មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។
-មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោលតាម ប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។
កាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ មានអានុភាពអនុវត្តភ្លាម ចាប់ពីថ្ងៃ ប្រកាសសាលក្រមនេះរហូតដល់ពេលសាលក្រមចូលជាស្ថាពរ។
៤. បង្គាប់ឱ្យកងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើប្រាស់សិទ្ធិអំណាច និងតួនាទីរបស់ខ្លួន ក្នុង
៊ឋានៈជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីធានាអនុវត្តនូវវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដូចកំណត់ក្នុង
ចំណុចទី៣ នៃសេចក្ដីសម្រេចខាងលើនេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយព្រះរាជអាជ្ញានៃ
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
៥. ក្នុងករណីដែលមានការបំពាននូវកាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ត្រូវស្នើសុំជាបន្ទាន់ទៅតុលាការមានសមត្ថកិច្ចឱ្យចេញនូវវិធានការឃុំ ខ្លួនជាបណ្តោះអាសន្នលើជនជាប់ចោទ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនអំពីចំណុចសំខាន់ៗដែលមាន មូលដ្ឋានក្នុងសាលក្រមដូចតទៅ៖
ទី១- ការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនមែនជាអំពើខុសច្បាប់នោះ ឡើយ ហើយសកម្មភាពនេះត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែ តុលាការបានរកឃើញថា ការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលធ្វើ ឡើងដោយមានការជួយជ្រោមជ្រែង ឃុបឃិតត្រូវរ៉ូវគ្នាក្នុងផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារ បរទេស ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយប្រើប្រាស់កម្លាំងមហាជន ឬធ្វើបដិវត្តន៍ ពណ៌ផ្តួលរំលំ ដូចនៅរដ្ឋ “ខ” និងរដ្ឋ “គ” គឺជាអំពើខុសច្បាប់ ដែលអំពើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់ សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទាំងមូល។ ក្នុង ន័យនេះ ជនជាប់ចោទ បានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មកធ្វើជា លេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្រប ច្បាប់ សំដៅធ្វើបដិវត្តន៍ពណ៍ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬ ភ្នាក់ងារបរទេស។
ទី២- តាមសំណើរបស់មេធាវីរាជរដ្ឋាភិបាលតំណាងដើមបណ្តឹងរដ្ឋប្បវេណី តុលាការពុំមានសរសរ ឈ្មោះរដ្ឋបរទេស ឬភ្នាក់ងារបរទេសនៅក្នុងសាលក្រមរបស់ខ្លួនឡើយ។ តុលាការសម្រេចប្រើប្រាស់អក្សរ តាងចំពោះរដ្ឋបរទេស ឬភ្នាក់ងារបរទេស តាមសំណើរបស់មេធាវីរាជរដ្ឋាភិបាលតំណាងដើមបណ្តឹង រដ្ឋប្បវេណី ដើម្បីធានាឱ្យបាននូវទំនាក់ទំនងល្អ និងផលប្រយោជន៍ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅ ក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិជាមួយរដ្ឋបរទេស។ ជាមួយនេះដែរ ដើម្បីធានាឱ្យបាននូវទំនាក់ទំនងល្អ និងផលប្រយោជន៍ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ និងដោយចៀសវាងឱ្យបាននូវការធ្លាយចេញនូវឯកសារជាតារាងអក្សរតាងជំនួសការហៅឈ្មោះរដ្ឋបរទេស តុលាការ កំណត់ និងដាក់ឯកសារនេះ ជាឯកសារសម្ងាត់ដែលមិនត្រូវទម្លាយជាសាធារណៈនោះឡើយ។ ដូច្នេះ ផ្អែកលើមូលដ្ឋាននេះ ជនណា ឬភាគីណាមួយដែលធ្វើឱ្យធ្លាយចេញឯកសារនេះជាសាធារណៈ គឺត្រូវ មានទោស ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ទី៣- តុលាការបានសម្រេច មិនឃុំខ្លួនជនជាប់ចោទ តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែល តំណាងអយ្យការបានស្នើសុំ ប៉ុន្តែដើម្បីធានារក្សាជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធីច្បាប់ តុលាការបានសម្រេចដាក់ចេញនូវវិធានការចំបាច់មួយចំនួន ជំនួសអោយការឃុំខ្លួនដែលមានដូចជា៖ ១-មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និង២-មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ញាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬដោយ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
ដោយ : សុខ ខេមរា