បំបែកសំណុំរឿងកូនប្រសាសម្លាប់ម្ដាយក្មេកនៅស្រុកស្វាយអន្ទរបានហើយ ករណីរឿងដីភូមិដែលម្តាយក្មេករបស់គេ ម្តងថាអោយ ម្តងថាដកយកវិញ

ចែករំលែក៖

ខេត្តព្រៃវែង៖  កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែលជាជនដៃដល់ ករណីសម្លាប់ស្ត្រីម្នាក់ជាម្ដាយក្មេកនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនសង្ស័យ ឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ករណីប្រទះឃើញសាកសពនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ញ៉ សារ៉ាត់ ភេទស្រីអាយុ៤៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់មិនដឹងមូលហេតុ)។

ផ្អែកតាមកាពិនិត្យសាកសព របស់ជំនាញ គ្រូពេទ្យបានបញ្ជាក់ថា ស្នាមរបួសនៅលើសាកសពត្រង់ចំណុចក និងឆ្អឹងខ្នង ជាច្រើនកន្លែងដែលកើតឡើងដោយសារការប្រើកម្លាំងប៉ះទង្គិចធ្វើឱ្យមានស្នាមជាំផ្នែកកយ៉ាងធ្ងន់ធ្ងរ ទើបបណ្ដាលឱ្យ មនុស្សស្លាប់ ហើយគ្រូពេទ្យជំនាញបានសន្និដ្ឋានថាជាករណីឃាតកម្ម។ បន្ទាប់ពីធ្វើការពិនិត្យចប់ សមត្ថកិច្ចបានប្រគល់ សាកសពជូនក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបានស្រាវជ្រាវនៅកន្លែងកើតហេតុហើយកំណត់មុខសញ្ញាបានថា មុខសញ្ញាជនសង្ស័យ ឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជាកូនប្រសារបស់ជនរងគ្រោះ)។បន្ទាប់មកជំនាញកងរាជអាវុធហត្ថខេត្ត បានសហការជាមួយជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការស្រាវជ្រាវ ដើម្បីឆែកលេខទូរសព្ទ័របស់ជនសង្ស័យឃើញថា ជនសង្ស័យបានគេចខ្លួនពីមូលដ្ឋានទៅដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លុះដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេ បញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជយ័ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជយ័ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវករណីឃាតកម្ម កូនសម្លាប់ម្ដាយក្មេក កាលពីថ្ងៃទី ២៦ខែ កុម្ភៈ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង ហើយគេចខ្លួនមកស្នាក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពេលកម្លាំងអាវុធហត្ថខេត្តព្រៃវែងនិងកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចុះទៅសហការជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យ ឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានគេចខ្លួនទៅច្រកដូង(ច្រកឡែម)ក្នុងគោលបំណងបម្រុងឆ្លងដែនទៅប្រទេសថៃ។ បន្ទាប់មកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងនិងខេត្តបន្ទាយមានជយ័បានបន្តសហការជាមួយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿង ហ៊ាង នៅចំណុចបេនឡាន ច្រកឡែម ស្ថិតនៅភូមិអូរដារ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី០១ខែមីនា ឆ្នាំ២០២៣។

ក្រោយពីការចាប់ខ្លួន យើងបានដកហូតសម្ភាររួមមាន ៖
– ម៉ូតូម៉ាកហុងឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ព្រៃវែង 1O.7180
-ក្រវិលលោហធាតុពណ៌លឿង ចំនួន ០១គូ ទម្ងន់ ០១ជី។

ជនសង្ស័យឈ្មោះ សឿង ហ៊ាង បានសារភាពថា រូបគេពិតជាបានសម្លាប់ម្តាយក្មេកឈ្មោះ ញ៉ សារ៉េត ពិត ប្រាកដមែន ដោយសារ គុំគួន និងម្តាយក្មេករឿងដីភូមិដែលម្តាយក្មេករបស់គេ ម្តងថាអោយ ម្តងថាដកយកវិញ។ លុះដល់យប់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៣ នៅ ពេលដែលរូបគេជិះម៉ូតូឌុបម្តាយក្មេកចេញពីមណ្ឌលសុខភាពបឹងព្រះទៅផ្ទះដល់ចំណុចវាលស្រែស្ងាត់ រូបគេក៏បានឈប់ម៉ូតហើយចាប់ម្តាយក្មេកច្របាច់ ក បោកទៅនឹងដីបណ្តាលអោយស្លាប់តែម្តង  ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print