ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៥មក ប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ គឺសមស្របនៅគ្រប់ដំណាក់កាល ព្រោះថាគ្មានអ្វីក្រៅពីយុវជនទេ ដែលពួកគេនឹងបន្តវេនពីពួកយើង។ សម្តេចតេជោ មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី ប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងទិដ្ឋភាពប្រវត្តិសាស្រ្ត អតីតយុវជនកម្ពុជា បានយកជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះជាតិ មាតុភូមិពីរបបខ្មែរក្រហម បានបង្រួបបង្រួមជាតិ បានបន្តថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ បានប្រឹងប្រែងស្តារការអភិវឌ្ឍប្រទេសជាតិឡើងវិញ ព្រមទាំងបាននាំមកនូវសមិទ្ធផលធំៗជូនជាតិលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អតីតយុវជន យុវនារី ដែលនៅរស់រានមានជីវិត បានប្រមែប្រមូលគ្នា និងខិតខំស្តារឱ្យរស់ឡើងវិញនូវមរតកវប្បធម៌ជាតិ ដែលបានបាត់បង់ដោយសារភ្នក់ភ្លើងសង្រ្គាមជាង២ទសវត្ស ហើយបានស្វះស្វែងកៀងគរការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានដើម្បីជួសជុល និងអភិរក្សសំណង់បេតិកភ័ណ្ឌរបស់ជាតិដែលរងការខូចខាត ក៏ដូចជាចូលរួមការពារមរតកអរូបីដូនតាដែលបានបន្សល់ទុកកន្លងមក៕
ដោយ : សហការី