ភ្នំពេញ៖ ការប្រឡងជ្រើសរើសនាយទាហាននៃកង យោធពលខេមរភូមិន្ទឆ្នាំ ២០២៣ នេះ ចំនួនសិស្ស និស្សិត នៃសង្គមស៉ីវីល ដែលបានមកដាក់ពាក្យប្រឡងចូលជាកងយោធពលខេមរភូមិន្ទមានការកើនឡើងជាងបណ្តាឆ្នាំកន្លងទៅ បើទោះបីការជ្រើសរើសនេះមានការអាក់ខានអស់រយៈពេល ៣ ឆ្នាំកន្លងមកក្តី ដោយសារវិបត្តិជាសកលនៃជម្ងឺឆ្លងកូវីដ ១៩ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មការជ្រើសរើស ត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេស ក្រសួងការពារជាតិ រួមជាមួយនាយ ទាហានជាន់ខ្ពស់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងក្រុមការងារនៃអនុគណៈកម្មការប្រឡង ជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញចុះពិនិត្យមើលទិដ្ឋភាពផ្ទាល់ និងកាត់កញ្ចប់វិញ្ញាសា នៃការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរ ភូមិន្ទ,វគ្គនាយទាហានសកម្មជំនាន់ទី ២៥,វគ្គនាយ ទាហានទ័ពជើងគោកជំនាន់ទី ១៣,វគ្គនាយទាហានបន្តវេនជំនាន់ទី ១៤. និងវគ្គនាយទាហានបច្ចេកទេសយោធា ឆ្នាំ ២០២៣ នេះ ទាំងបួនមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ នៅមណ្ឌលប្រឡងនៃវិទ្យាល័យ និងសាលាបឋមសិក្សា ជាស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ ២០២៣ នេះ ត្រូវចំណាយពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ០៤ រហូតដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៣ ដែលរួម មាន ៤ មណ្ឌលប្រឡងចំណេះដឹងទូទៅ និងភាសា បរទេស និងមួយមណ្ឌលសម្រាប់ការប្រឡងកីឡា កាយ សម្បទា នៅក្នុងរាជធានីភ្នំពេញ ។ ដោយខុស ប្លែកពីឆ្នាំកន្លងៗទៅ យើងមានមណ្ឌលប្រឡងនៅតាមបណ្ដាខេត្ត និងយោធភូមិភាគផ្សេងទៀតចំនួន ៤ ។
ដោយផ្ដោតទៅលើវិញ្ញាសា ចំណេះដឹងទូទៅនិងភាសា បរទេស និងវិញ្ញាសាកីឡាកាយសម្បទា ។ ការជ្រើស រើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ គឺជាការជ្រើសរើសនាយទាហាន ដែលមានសមត្ថភាពពិត ប្រាកដ តម្លាភាព ប្រសិទ្ធភាព សុក្រឹត និងយុត្តិធម៌ ដោយគ្មានការអន្តរាគមន៍ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍បន្តថា ការជ្រើសរើសនាយ ទាហាននៃកងយោធពលខេមរភូមិន្ទសម្រាប់ឆ្នាំ២០២៣ នេះមានចំនួនបេក្ខជនទាំងពីរភេទមកដាក់ពាក្យប្រលងកើនឡើងបើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ ដែលកម្ពុជា និងពិភពលោកទាំងមូលមិនទាន់ជួបនូវបញ្ហាប្រឈមជាសកលនៃរោគរាតត្បាតជំងឺឆ្លងកូវីដ១៩ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា ការកើនឡើងនេះ គឺមកពីកត្តាដែលយើងខកខានក្នុងការងារជ្រើស រើសអស់រយៈពេលបីឆ្នាំកន្លងមក ដោយ សារវិបត្តិនៃបញ្ហាប្រឈមជំងឺឆ្លងជាសកលកូវីដ១៩។ លោកបញ្ជាក់ ថា ឆ្នាំនេះក៏ជាឆ្នាំដែលកងយោធពលខេមរភូមិន្ទ យើងមានមោទនភាព ដែលមានប្អូនៗជាយុវជន យុវនារី ជាសិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍និងមាន មនសិការស្នេហាជាតិ ហើយបានស្ម័គ្រចិត្តមកដាក់ពាក្យប្រលងចូលជានាយទាហាននៃកងយោធពលខេមរមិន្ទ ។ សម្រាប់ឆ្នាំ ២០២៣ នេះ យើងមានសិស្ស និស្សិត ទាំងពីរភេទមកដាក់ពាក្យប្រលងរហូតដល់ទៅ ៦៣៩៩ នាក់ ក្នុងនោះមានបេក្ខជនបេក្ខនារី ដាក់ពាក្យចូលប្រឡង ចូលជានាយទាហានសកម្ម ចំនួន១៧១០ នាក់,នាយទាហានទ័ពជើងគោក ចំនួន២៦៣៦ នាក់, នាយទាហានបន្តវេនចំនួន ១៨៣១ នាក់,និងនាយ ទាហានបច្ចេកទេសយោធាចំនួន ២២២ នាក់ ។
ទន្ទឹមគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំដល់អនុគណៈកម្មការប្រឡងជ្រើសរើសនាយ ទាហាន និងគណៈកម្មការជ្រើសរើស ត្រូវរក្សាដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សុក្រឹត តម្លាភាព និងមានភាពយុត្តិធម៌ ។ បានន័យថា អ្នកដែលជោគជ័យក្រោយការប្រឡងទាំងវិញ្ញាសាចំណេះ ដឹងទូទៅ និងភាសាបរទេស រួមនឹងវិញ្ញាសាកីឡាកាយ សម្បទាគឺជាប់ដោយសមត្ថភាពផ្ទាល់ ហើយចំពោះអ្នកដែលប្រឡងមិនជាប់ គឺអស់ចិត្តដោយខ្លួនឯង ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់បញ្ជាក់ទៀតថា ក្នុងចំណោមបេក្ខជនទាំងពីរភេទចូលមកប្រឡងទាំង ៦៣៩៩ នាក់ គណៈកម្មការជ្រើសរើសត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេសរបស់ក្រសួងការពារជាតិ សម្រេចជ្រើសរើសយកនាយទាហានសកម្មចំនួន ១០០ នាក់.វគ្គនាយទាហានទ័ពជើងគោកចំនួន ១០០ នាក់.វគ្គនាយទាហានបន្តវេនចំនួន ១៥០ នាក់.និងវគ្គនាយទាហានបច្ចេកទេសយោធាចំនួន ៣០ នាក់ ។ ពាក់ព័ន្ធដល់បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅ តាមមណ្ឌលប្រឡងទាំងបួនមណ្ឌល ក្នុងរាជធានីភ្នំពេញនាឆ្នាំនេះ បានដំណើរការទៅដោយរលូន និងមិនមានបញ្ហាអ្វីទាំងអស់ ដោយមានការចូលរួមសហការដ៏ល្អ ពីគ្រប់មជ្ឈដ្ឋានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ជួយសម្រួល ៕ ដោយ៖ សូរិយា