រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន មានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីនគរបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ/អង្គភាពទាំង១១, រដ្ឋបាលសង្កាត់ទាំង០៥, លោកគ្រូ-អ្នកគ្រូមកពីសាលាបឋមសិក្សា-អនុវិទ្យាល័យ-វិទ្យាល័យក្នុងមូលដ្ឋានខណ្ឌ និងមន្ត្រីពាក់ព័ន្ធសរុបជិត ៦០០នាក់។

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនអភិបាលខណ្ឌចំការមន បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រីនិងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុង តំបន់និងសកលលោក ជាពិសេស នៅក្នុងយុគសម័យឌីជីថល និងក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយ វិបត្តិកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ។

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនបានបន្តថា ការយកចិត្តទុកដាក់និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បី ធានាថា ស្រ្តីនិងក្មេងស្រីគ្រប់រូប ទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិ ចូលរួមដោយស្មើភាព ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបាន ជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងរស់នៅក្នុងសង្គម ដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយ សុខុមាលភាព។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័រនៅក្នុងមូលដ្ឋានខណ្ឌចំការមន ដែលបានចូលរួមកម្មវិធីនេះ ដើម្បីអបអរសារទរ និងរំលឹកពីប្រវត្តិនៃការតស៊ូ និងជោគជ័យរបស់ស្ត្រីក្នុងការទាមទាដណ្តើមយកមកនូវសិទ្ធិខាងសេដ្ឋកិច្ច សង្គម និងនយោបាយដែលជាង ១០០ឆ្នាំមុននេះ សិទ្ធិទាំងនេះពុំត្រូវបានធានា និងផ្តល់ជូនស្ត្រីនោះឡើយ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា មូលបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នេះគឺត្រូវបានជ្រើសរើសឡើងដើម្បីរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុន ខិតខំតស៊ូគ្រប់បែបយ៉ាងរហូតឈានទៅសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយដែលយើងបានរួមគ្នាបន្តខិតខំថែរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវសុខុមាលភាព និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន។ គ្មានសន្តិភាពគឺគ្មានអ្វីៗគ្រប់យ៉ាង។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែក នៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹងជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពភាពក្រីក្រនិងភាពងាយរងគ្រោះ។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ។

...

គួរជម្រាបជូនថា យុទ្ធនាការ៨មីនា គឺជាព្រឹត្តិការណ៍ជាសកលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print