ភ្នំពេញ : នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាតសុខាភិបាលលើកទី ៤២ ដោយមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ននានា លោក-លោកស្រីប្រធាននាយកដ្ឋាន មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អាជ្ញាធរឃុំ-សង្កាត់ មណ្ឌលសុខភាព ដៃគូអភិវឌ្ឍសុខាភិបាល និងភ្ញៀវជាតិ-អន្តរជាតិ សរុបចំនួន ៥៣១នាក់។
ពិធីសន្និបាតមានរយៈពេលពីរថ្ងៃ ពីថ្ងៃទី៦-៧ មីនា ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដែលនឹងបង្ហាញពីវឌ្ឍនភាពវិស័យសុខាភិបាលរយៈពេល ៥ឆ្នាំ និងលើកទិសដៅឆ្នាំបន្ត ព្រមទាំងពិភាក្សាលើការងារសំខាន់ៗ សំដៅពង្រឹងគុណភាពសេវាសុខាភិបាលនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល បានលើកឡើងពី កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៥១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,០១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៧% ៕
ដោយ : សិលា