ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ ហើយបុរសម្នាក់ទៀតបានរត់គេចខ្លួនបាត់ ខណៈដែលជិះម៉ូតូលឿនបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤៣ ត្រង់ចំណុចភូមិអង្វែ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BX-4184 អ្នកបើកបរមិនទាន់ស្គាល់អត្ត សញ្ញាណបាន(រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូមួយខ្សែ លេខ ១៤៣ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿង ទៀតម៉ាកហុងដា ឃ្លិច ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ1H-4322 អ្នកបើកបរមានឈ្មោះ ថៃ ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បុកចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់ ឈ្មោះថៃ ឧត្តមនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងរងការខូចខាតម៉ូតូចំនួន០២គ្រឿងកំរិតស្រាល។
ដោយឡែកសពបុរសរងគ្រោះ នគរបាលបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងម៉ូតូទាំង០២គ្រឿងនគរបាលជំនាញបានយកទៅ រក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងអំពិលរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សូរិយា