ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃចន្ទទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីជួរភ្នំមួយចំនួនដែលអ្នកទេសចរចូលចិត្តដេីរកម្សាន្ត មានដូចជា៖ ខ្នងផ្សារ ,ខ្នងភ្នំសំពៅ ឧទ្យានជាតិជួរភ្នំក្រវ៉ាញ និងរ៉ៃអារ៉ែង ស្ថិតក្នុងតំបន់អារ៉ែងនៃជួរភ្នំក្រវាញ!
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា និន្នាការថ្មីនៃវិស័យទេសចរណ៍ធម្មជាតិបានក្លាយជាទិសដៅពេញនិយមកាន់តែច្រើនដោយការជ្រើសរើសទេសចរណ៍ប្រកបដោយនិរន្តរភាព ដើម្បីគាំទ្រដល់សហគមន៍ដែនជម្រកតំបន់ការពារ និងឧទ្យានជាតិ។
ដូចជាភ្ញៀវបរទេសមួយក្រុមបានយកឈ្នះខ្លួនឯង ឡើងភ្នំខ្នងផ្សារ ដោយរីករាយជាមួយទេសភាព និងបទពិសោធន៍ដ៏ល្អៗជាមួយសហគមន៍ ដោយពួកគាត់នឹងត្រលប់មកកាន់តំបន់ការពារ ដែនជម្រកសត្វព្រៃ តំបន់ទេសភាព ឧទ្យានជាតិភ្នំក្រវាញ និងសហគមន៍ទេសចរណ៍នេះម្តងទៀតឆាប់ៗ។
សូមជម្រាបដែរថា កាលពីថ្ងៃទី០៥ ខែមីនាម្សិលមិញនេះ ក្រសួងបរិស្ថាន ក៏បានបង្ហាញពីរ៉ៃអារ៉ែង ជាផ្ទះវិស្សមកាលធម្មជាតិ ជាប់ឆាយតាហ៊ីង ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។
អ្នកទេសចរណ៍អាចធ្វើដំណើរពីស្រុកថ្មបាំង ប្រមាណជា ១៧គីឡូម៉ែត្រពីរង្វង់មូលថ្មបាំង ដោយតម្រូវឆ្លងតាមស្ទឹងអារ៉ែង និងអាចមកសម្រាកលំហែទីនេះ ក្បែរដងស្ទឹងអារ៉ែងអមជាមួយរ៉ៃយំពេលរសៀល ដូចតន្ត្រីកំដរអារម្មណ៍ និងសំលេងទឹកជ្រោះដូចបំពេរយើងពេលនិន្ទ្រា។ យើងអាចបោះតង់ សម្រាកផ្ទះស្នាក់ ងូតទឹកកម្សាន្ត ជិះក្បូន កៃយ៉ាក់ និងលេងកីឡាផ្សេងៗ៕ដោយ៖សហការី