ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះនៃប្រទេសដែលមានការសម្អាតប្រាក់កខ្វក់ គឺជាសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជាក្នុងការទាក់ទាញវិនិយោគ ជាពិសេសការបង្កើននូវនិរន្តរភាពនៃថវិកាជាតិសម្រាប់ការអភវិឌ្ឍ។
ការលើកឡើងបែបនេះរបស់លោក គង់ វិបុល ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់ “កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ។
លោក គង់ វិបុល បានថ្លែងបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ មាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ជាសេនាធិការក្នុងការបំពេញមុខងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលបាននឹងបន្តចូលរួមយ៉ាងសកម្មជាមួយអន្តរក្រសួង ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាល ដែលមានដូចជា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងយុត្តិធម៌ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត លើការចោទប្រកាន់អ្នកប្រព្រឹត្តបទល្មើស លើករណីសង្ស័យនៃការលាងប្រាក់។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្តថា លទ្ធផលដែល FATF សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ នេះជាខិតខំប្រឹងរបស់អង្គភាពរាជរដ្ឋាភិបាលទាំងអស់គ្នា ដែលការដកកម្ពុជាចេញពីបញ្ជីប្រផេះ គឺជាសញ្ញាវិជ្ជមានដ៏ល្អរបស់កម្ពុជា និងជាផ្នែកមួយយ៉ាងសំខាន់ ជាពិសេសការបង្កើនទំនុកចិត្ត និងទាក់ទាញដល់អ្នកវិនិយោគ ។
សូមបញ្ជាក់ថា ដើម្បីចៀសផុតពីបញ្ជីប្រផេះ កម្ពុជា ត្រូវប្រឹងប្រែងស្រាវជ្រាវរកឲ្យឃើញពីប្រភពធនធានកខ្វក់របស់ឧក្រិដ្ឋជន ហើយឈានទៅដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជុំវិញការបង់ពន្ធនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អនុលោមភាពសារពើពន្ធមានការកើនឡើងគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែនៅតែមានសហគ្រាសធំៗមួយចំនួន នៅតែប្រកាសខាតច្រើនឆ្នាំ ព្យាយាមបន្តគេចវេះពន្ធ ហើយទន្ទឹមនឹងគ្នានេះក៏មានរូបភាពនៃការគេចវេះពន្ធ និងបទល្មើសពន្ធដារបានកើតឡើងក្នុងទម្រង់ថ្មីៗ ក៏ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារបន្តស្រាវជ្រាវ និងចាត់វិធានការដើម្បីទប់ស្កាត់៕ដោយ៖សហការី