ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ ក្រសួង​កំពុងពិចារណាផ្លាស់ប្តូរស្លាកលេខចាស់ ទៅជាស្លាកលេខមាន QR Code ដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីអបអរសាទរខួប ៣ឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការលេខពិសេសផ្ទាល់ខ្លួន នៅសួនច្បារវត្តបទុមវតី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះថា៖ ក្រសួងសាធារណការ​ កំពុងពិភាក្សាគ្នាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្លាស់ប្តូរស្លាកលេខទាំងអស់ដែលមិនមាន QR Code ទៅជាស្លាកលេខដែលមាន QR Code ដោយឥតគិតថ្លៃ។​

លោកទេសរដ្ឋមន្ត្រី​ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា៖ «យើងកំពុងតែរកនីតិវិធីជួយសម្របសម្រួលយ៉ាងណា បើអាចធ្វើទៅបាន គឺឱ្យគាត់មកដូរចុះជាស្លាកមាន QR Code ដោយមិនបាច់បង់លុយ យើងកំពុងតែពិភាក្សាគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវប្រើថវិកាគួរសមដែរដើម្បីប្តូរទាំងអស់ (ទៅជាស្លាកលេខមាន QR Code)»។

លោក​ ស៊ុន​ ចាន់ថុល​ បានបញ្ជាក់បន្ថែមថា​ ការដែលផ្លាស់ប្តូរស្លាកលេខទាំងអស់ទៅជាស្លាកលេខមាន QR Code នេះគឺដើម្បីបំបាត់ការប្រើប្រាស់ស្លាកលេខក្លែងក្លាយ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កាលណាម្ចាស់យានយន្តមកប្តូរស្លាកលេខជា QR Code នោះក្រសួងសាធារណការនឹងកំណត់អាស្រយដ្ឋានបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ដើម្បីជៀសវាងការក្លែងបន្លំស្លាកលេខក្លែងក្លាយ។ បើតាមលោក ស៊ុន ចាន់ថុល គឺមានតែកម្ពុជាតែមួយគត់ដែលដាក់ QR Code នៅលើស្លាកលេខរថយន្ត និងម៉ូតូ។

ជាមួយគ្នានោះ​ លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រំពឹងទុកថានៅឆ្នាំ២០២៣នេះ ការលក់លេខពិសេសនឹងមានការកើនឡើងជាង ៥ភាគរយបន្ថែមទៀត។ លោក​ បន្តថា ចំណូលដែលក្រសួងប្រមូលបានពីការលក់ស្លាកលេខពិសេសនេះ ក្រសួងបែងចែកចំណូលមួយចំនួនយកជូនទៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។

...

សូមជម្រាបជូនថា​ ក្រសួងសាធារណការ​ បានអនុវត្តការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនតាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដោយគិតមកដល់ឆ្នាំ២០២៣នេះ ក្រសួងលក់បានស្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនចំនួន ១១៨ ០៥២លេខ រកចំណូលបានសរុបចំនួនជាង ៥៤លានដុល្លារ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print