ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យម្នាក់ជាឃាតក ចាក់សម្លាប់សង្សាររបស់ខ្លួននៅខេត្តព្រះសីហនុ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង១២និង៤៥នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការដ្ឋានមួយកន្លែងស្ថិតនៅតាមបណ្ដោយជាតិលេខ៣ មូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។ ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ លោក នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមូលដ្ឋានខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។
មន្រ្តីជំនាញបានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់សង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារតែ ការប្រច័ណ្ឌ ខឹងសង្សាររបស់ខ្លួនផឹកសុី និងដេកបែកបន្ទប់។
គួររំលឹកផងដែរ កាលពីវេលាម៉ោង៩និង៣០នាទីយប់ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានឃាតករ ជាសង្សារ ចាក់សម្លាប់ដោយមាន ស្នាមកាំបិតចាក់ចំ ក្រោមក្លៀក ដែលបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងបរិវេណមុខរោងចក្រមួយកន្លែង
មានឈ្មោះ “បេវឈីវើ” ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង នៅភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំមុខរបរ កម្មកររោងចក្រ មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ចំណែកនារីរងគ្រោះ ឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខ របរ កម្មការិនីរោងចក្រស្រុកកំណើតឃុំគោករមៀតស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅ បន្ទប់ ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការតាមនីតិវិធី៕
ដោយ : សហការី