ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពល ខេមរភូមិន្ទ សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានជន្មាយុយឺនយូរតរៀងទៅ។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះសម្តេច ដែលជានិច្ចកាលតែងបានលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី រួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ បរិច្ចាគទ្រព្យធន ដោយសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមដើម្បីកសាងអភិវឌ្ឍន៍សង្គមជាតិ។ ទន្ទឹមនឹងនេះ សម្តេចជាកុលធីតាដ៏ឆ្នើមមួយរូប ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងជាឧត្តមភរិយា ដែលតែងតែរួមដំណើរ ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្ថាបនាសមិទ្ធផលនានាជាច្រើន សម្រាប់បម្រើក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមបំផុត។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕