ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបញ្ជាកម្លាំងអន្តរាគមន៍ឱ្យសហការជាមួយជំនាញព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវបង្រ្កាបឱ្យខាងតែបានបន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលប្រាប់ថាមានករណីចោរលួចម៉ូតូ១គ្រឿង ហើយជាលទ្ធផលគឺ បង្រ្កាបបានមុខសញ្ញាលួចយ៉ាងសកម្មនេះរួមទាំងវត្ថុតាង(ម៉ូតូ)ផងដែរ។
តាមរបាយការណ៍នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យជា
មុខសញ្ញាឃាត់ខ្លួននៅវេលាព្រឹកថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ។
ក្នុងរបាយការណ៍នគរបាលក្រុងពោធិ៍សាត់ដដែល ជនសង្ស័យឈ្មោះ គា ម៉ុងថុល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងដីឡូត៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ។ វត្ថុតាងម៉ូតូម៉ាក ស្កូពី ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២១ គ្មានស្លាកលេខ។ ម្ចាស់ម៉ូតូឈ្មោះ កាវ ឆារម្យ ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ម្ចាស់ម៉ូតូ(កាវ ឆារម្យ)បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ម៉ូតូគាត់ពុំបានដាក់ក្នុងបន្ទប់ទេ គឺដាក់ក្នុងរបងផ្ទះ ហើយការបាត់នោះគឺនៅវេលាទៀបភ្លឺ ខណៈដែលគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ច ។ លុះប៉ុន្មានម៉ោងក្រោយមកក៏ឃាត់ខ្លួនជនសង្ស័យបានរួមទាំងម៉ូតូ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងម៉ូតូត្រូវបាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ ដោយៈ ប៉ឹម ពិន