ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យលោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលម្សិលមិញនេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ជាកិច្ចចាប់ផ្តើម លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ លោកអគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។
ជាមួយគ្នានោះភាគីនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តការរវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា តាមរយៈក្រុមការងារ TCT និងអរគុណដល់ លោកអគ្គស្នងការនគរបាលជាតិកម្ពុជា ដែលតែងតែគាំទ្រដល់នគរបាលសហព័ន្ធអូស្រ្តាលីនៅក្នុងមជ្ឈមណ្ឌលTCT ផងដែរ។ ភាគីអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ TCT កម្ពុជាធ្វើជាគំរូដែលអាចយកទៅបង្កើតនៅប្រទេសដទៃផ្សេងទៀតនៅពេលខាងមុខ។ ក្នុងនោះផងដែរ ភាគីនគរបាលសហព័ន្ធអូស្ត្រាលី បានសន្យាបន្តគាំទ្រនគរបាលជាតិកម្ពុជាលើការបើកវគ្គបណ្តុះបណ្តាលជំនាញជូនដល់មន្ត្រីសិក្ខាកាម ដើម្បីយកទៅបំពេញភារកិច្ចឲ្យចំគោលដៅ។
លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី ក៏បានអបអរសាទរចំពោះការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់អង្គការ(FATF) និងបានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលជាផ្នែកមួយសំខាន់ដែលនាំឲ្យកម្ពុជាសម្រេចបានលើកាងារនេះ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ លោកមេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លៃងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងអគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំនគរបាលជាតិ នៃប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណនូវការជួយជ្រោមជ្រែងរបស់នគរបាលអូស្រ្តាលី ដែលរយៈកាលកន្លងមកដូចជា ការផ្តល់ទីប្រឹក្សាក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគោលនយោបាយនគរបាលជាតិកម្ពុជា ជួយគាំទ្របង្កើតក្រុមការងារ TCT និងការជួយបណ្តុះបណ្តាលទាំងការកសាងសមត្ថភាពមន្ត្រី ការជួយមធ្យោបាយ សម្ភារៈ និងគម្រោងធំៗដទៃទៀត។ លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការ និងការជួយគាំទ្រទាំងនេះ និងស្នើឱ្យភាគីអូស្រ្តាលីជួយគាំទ្របន្ថែមទៀត ជាពិសេសគឺការបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលជាប្រភេទបទល្មេីសកំពុងមាននិន្នាការកើនឡើងជារួមនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី។
ជាចុងក្រោយ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានជូនពរឱ្យដំណើរបំពេញទស្សនកិច្ចរបស់លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី បានទទួលជោគជ័យ និងការស្នាក់នៅប្រកបដោយសុវត្ថិភាព ផាសុខភាពក្នុងប្រទេសកម្ពុជា៕ ដោយ៖ស តារា