ភ្នំពេញ៖ កិច្ចពិភាក្សាគ្នារវាងអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡាស្ដីពីការប្រកួតល្បែងកីឡាជាតិ (National Games) លើកទី១នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ដោយមានវត្តមានចូលរួមពីលោកអគ្គនាយករងប្រធាននាយកដ្ឋានទាំង៤ព្រមទាំងអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាហើយនិងប្រធានការិយាល័យអប់រំកាយនិងកីឡាទូទាំង២៥រាជធានី-ខេត្ត។
កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើការរៀបចំការប្រកួតល្បែងកីឡាជាតិ ឬហៅថា(National Games)លើកដំបូងនៅកម្ពុជាដើម្បីជាស្ពានឆ្លងទៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេម(SEA Games)លើកទី៣២ឆ្នាំ២០២៣ខាងមុខ ។ ជាមួយនឹងការរៀបចំការប្រកួតល្បេង កីឡាជាតិនេះដែរ ក្រសួងអប់រំយុវជននិងកីឡាបានកែទម្រង់លើការប្រកួតខ្លះៗដូចជាការប្រកួតកីឡាភូមិភាគត្រូវបានផ្អាក ក្នុងនោះមានកីឡាចំនួន៤ប្រភេទគឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្មក៏ត្រូវ បានផ្អាកផងដែរ ។ ចំពោះព្រឹត្តិការណ៍ ប្រកួត National Games ធ្វើឡើងដោយមានកិច្ចសហការគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងក្រសួងអប់រំយុវជននិងកីឡា។
ពេលនេះផែនការមេសម្រាប់ការប្រកួតបានរៀបចំសព្វគ្រប់ហើយ រីឯគោលនយោបាយកីឡាជាតិក៏ត្រូវបានអង្គប្រជុំពេញ អង្គនៃគណៈរដ្ឋមន្ត្រីអនុម័តតាំងពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ។ ជាមួយនឹង ការរៀបចំ National Gamesនេះដែរក្រសួងអប់រំបានធ្វើការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធកីឡាការបណ្ដុះបណ្ដាលធនធានមនុស្ស (កីឡាករកីឡាការិនីថ្នាល-ជម្រើសជាតិ-គ្រូបង្វឹកអាជ្ញាកណ្ដាល-ចៅក្រម និងមន្រ្តីទៅតាមជំនាញនៃប្រភេទកីឡានីមួយៗសរុប វិញ្ញាសាការប្រកួត National Games លើកទី១នេះមានចំនួន១៤ប្រភេទកីឡាស្មើនឹង១៧០វិញ្ញាសាមានដូចជាកីឡាហែលទឹក១៨វិញ្ញាសាវាយសី៧ វិញ្ញាសាបាល់បោះ បុរស១វិញ្ញាសាបាល់បោះនារី១វិញ្ញាសា ។
ប្រដាល់សាកល១០វិញ្ញាសាប្រដាល់ក្បាច់គុនបុរាណ១០វិញ្ញាសាបាល់ទាត់បុរស១ វិញ្ញាសាបាល់ទាត់នារី១វិញ្ញាសា ។ ចំបាប់ ១៦វិញ្ញាសាវាយកូនឃ្លីលើតុ៧វិញ្ញាសាតេក្វាន់ដូ២២វិញ្ញាសាវាយកូនបាល់៧វិញ្ញាសា បាល់ទះឆ្នេរខ្សាច់១វិញ្ញាសាបាល់ទះលើក្ដារបុរស១វិញ្ញាសាបាល់ទះលើក្ដារនារី១ វិញ្ញាសា ។ ប៉េតង់១១វិញ្ញាសាល្បុក្កតោ១៨វិញ្ញាសា និង កាយសម្ព័ន្ធ១០ វិញ្ញាសា ។ កិច្ចពិភាក្សានោះបានផ្សព្វផ្សាយពីការធ្វើ បទបញ្ជាទូទៅសម្រាប់ការប្រកួតសិទ្ធិចូលរួមប្រកួតការចុះឈ្មោះចូលរួមប្រកួតការដឹកជញ្ជូនការសង្គ្រោះបន្ទាន់បទបញ្ជានៃការប្រកួតជាដើម ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡាមានប្រសាសន៍ថាការប្រកួតកីឡាជាតិនេះធ្វើឡើងក្នុង ទម្រង់ដូចការប្រកួតកីឡា SEA Games ដែរដូច្នេះតម្រូវការនៃធនធានមនុស្សដែលជាអ្នកទទួលបន្ទុកបច្ចេកទេសការរៀបចំគឺជាបញ្ហាសំខាន់ ៕
ដោយ៖ សារីម