កីឡាករ John Arne Riise អតីតខ្សែ ការពារក្លិបហង្សក្រហម Liverpool និងជាក្រុមជម្រើសជាតិន័រវេសបានប្រកាសចូលនិវត្តន៍ហើយ ។
John Arne Riise ដែលមានវ័យ៣៥ឆ្នាំធ្លាប់លេងឲ្យក្រុមជម្រើសជាតិ១១០ ប្រកួតនិងស៊ុតបាល់បានចំនួន១៦គ្រាប់។ គាត់បានប្រកាសនៅលើគេហទំព័រផ្ទាល់ ខ្លួនថា គាត់សម្រេចចិត្តលាឈប់ពីអាជីព បាល់ទាត់ហើយ ។
បច្ចុប្បន្នគាត់កំពុងតែលេងឲ្យក្រុម Aalesund ដែលជាក្លិបគាត់ចាប់ផ្តើមអាជីព បាល់ទាត់ដំបូង ហើយពេលនេះគាត់ប្រកាសថាគាត់គ្មានទឹកចិត្តលេងបាល់ទាត់ទៀតឡើយ។ Riise បានថ្លែងថា “ថ្មីៗនេះខ្ញុំមានអារម្មណ៍ច្របូកច្របល់ ពោលគឺមានអារម្មណ៍ថាខ្ញុំមិនអាចលេងបាល់ទាត់ដល់កម្រិត កំពូលបានទៀតនោះទេ ។ រាងកាយរបស់ខ្ញុំបានលេងបាល់ទាត់អស់រយៈពេល២០ឆ្នាំហើយពេលខ្ញុំមើលរាងកាយរបស់ខ្ញុំនៅក្នុងកញ្ចក់ខ្ញុំយល់ថាដល់ពេលដែលខ្ញុំត្រូវឈប់លេងបាល់ហើយ”។
គួររំលឹកថា Riise ផ្លាស់ចេញពីក្រុម Monaco របស់បារាំងមកកាន់ក្លិបហង្ស ក្រហមអង់គ្លេសនៅក្នុងឆ្នាំ២០០១ហើយបានលេងឲ្យLiverpoolចំនួន២០០ប្រកួត។ គាត់ក៏បានរួមចំណែកជួយក្រុមហង្សក្រហមឈ្នះជើងឯក Champions League កាលពី ឆ្នាំ២០០៥លើក្រុម AC Milan ហើយឆ្នាំ ២០០៨គាត់បានចាកចេញទៅកាន់ក្រុម Roma របស់អុីតាលី និង៣ឆ្នាំក្រោយមក គាត់វិលត្រឡប់មកអង់គ្លេសវិញចូលរួម ក្រុម Fulham ៕
ដោយ៖ ដេវីត