លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ ឆ្នាំ២០២៤កម្ពុជានឹងសាងសង់ស្ពានប្រវែងជាង ៣គីឡូម៉ែត្រឆ្លងទន្លេសាប និងសាងសង់ផ្លូវ៥០សេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែពហុបំណង និង​មណ្ឌល​ភស្តុភារកម្ម​កំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាល​នឹងរកថវិកាសម្រាប់សាងសង់ស្ពានប្រវែងជាង ៣គីឡូម៉ែត្រ និងសាងសង់ផ្លូវ៥០សេ តភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ជាមួយនឹងដំណឹងដ៏រីករាយនេះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៥០សេ បានសម្ដែងនូវក្ដីរំភើប និងសម្លឹងឃើញពីផលប្រយោជន៍សំខាន់ៗ ​ដែល​នឹង​ទទួល​បាន​តាមរយៈការកសាងផ្លូវ៥០សេ ​ពិសេសគឺមានស្ពានឆ្លងទន្លេសាប​ ដែលវែងជាងគេនៅកម្ពុជា ដើម្បី​តភ្ជាប់ខេត្តកំពង់ឆ្នាំង​ និងខេត្តកំពង់ធំ។

លោកទេសរដ្ឋមន្ដ្រី បន្តថា,នៅឆ្នាំ២០២៤ ខាងមុខនេះរាជរដ្ឋាភិបាលគិតគូរពីថវិកា ដើម្បីសាងសង់ស្ពានប្រវែងជាង ៣គីឡូម៉ែត្រ ឆ្លងទន្លេសាប និងសាងសង់ផ្លូវ៥០សេ តភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

សូមជម្រាបថា ផ្លូវលេខ៥០សេ មានប្រវែង ៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់​បឹងទន្លេសាប ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦​ នៃខេត្តកំពង់ធំ ​នៅ​ចំណុច​ភូមិពោធិតាអ៊ុន ​សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទៅកាន់ឃុំកំពង់ហៅ ​ស្រុកកំពង់លែង ​ខេត្តកំពង់ឆ្នាំង ​ហើយត្រូវឆ្លងសាឡាង កាត់ទន្លេសាបទៀតទើបទៅដល់ក្រុងកំពង់ឆ្នាំង។ ប៉ុន្តែតាមរយៈគម្រោងសាងសង់ស្ពានដ៏វែងនេះ ផ្លូវមួយខ្សែនេះ នឹងប្រែក្លាយជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មាន​ហើយឆ្លងកាត់​កណ្តាលប្រទេស​កម្ពុជាតែម្ដង។
សូមបញ្ជាក់ថា, មានផ្លូវ ស្ពាន គឺជាចរន្តសេដ្ឋកិច្ច យ៉ាងសំខាន់ ដល់បងប្អូនប្រជាពលរដ្ឋ ប្រទេសជាតិ ជាមធ្យោបាយ ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចរាចរ ទំនិញ ការប្រើប្រាស់ពេលវេលា លឿនរហ័ស ទាន់ចិត្ត ហើយបច្ចុប្បន្ននេះ ការដឹកនាំ ដោយ សម្តេចតេជោ ហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍន៍ រីកចម្រើនខ្លាំងលើគ្រប់វិស័យ ហើយការ អភិវឌ្ឍន៍នេះ ក៏អាស្រ័យលើ កត្តា សន្តិភាព ជាចម្បង ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print