ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។
កងយោធពលខេមរភូមិន្ទ បានចាត់ទុកថា «ការចោទប្រកាន់យ៉ាងគឃ្លើនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស»។
កងយោធពលខេមរភូមិន្ទ តែងប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។
កងយោធពលខេមរភូមិន្ទ បានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ៣ជំនាន់នេះ ហើយបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ រង់ចាំជានិច្ចក្នុងការអនុវត្តបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ : សិលា