អ្នកនាំពាក្យក្រសួងការងារ ៖ ខ្ញុំសូមចែករំលែកនូវព័ត៌មានមួយចំនួន សម្រាប់បងប្អូននៅកូរ៉េ ថៃ និងជប៉ុន បង្កើនការប្រុងប្រយ័ត្នក្នុងជីវិត !

ចែករំលែក៖

ភ្នំពេញ : នៅលើផេកផ្លូវការ របស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានបង្ហាះ យ៉ាងដូច្នេះថា, សួស្តីបងប្អូន! ថ្ងៃអាទិត្យអញ្ចើញទៅណាដែរ? សូមរីករាយថ្ងៃឈប់សម្រាកទាំងអស់គ្នា!

លោកលើកឡើងថា, ដោយសារជាថ្ងៃសម្រាក បងប្អូនអាចមានពេលច្រើន ដូច្នេះខ្ញុំសូមចែករំលែកនូវព័ត៌មានមួយចំនួន សម្រាប់បងប្អូននៅកូរ៉េ ថៃ និងជប៉ុន បង្កើនការប្រុងប្រយ័ត្នក្នុងជីវិត ។

លោកបានបញ្ជាក់ថា, មួយរយៈនេះ អាចមានបុគ្គលមួយចំនួនអាចប៉ុនប៉ង ឆបោកថវិកាបងប្អូន ប្រសិនជាបងប្អូនមិនបហរយ័ត្ន ទៅតាមទម្រង់ផ្សេងៗ។ អ្នកខ្លះ គាត់តាំងខ្លួនថាជាសមាគមនេះ សមាគមនោះ នៅជាមួយអ្នកនេះ អ្នកនោះ ហើយភាគច្រើនគឺជាបុគ្គលស៊ីវិល័យ ហ៊ឺហារ ហើយប្រាប់បងប្អូនថា៖

1- ក្រុមគេកំពុងរៀបចំពុះដីឡូតិ៍នៅកន្លែងត្រូវប៉ាន់មួយកន្លែង។ ប៉ុន្តែពេលបងប្អូនសួររកឯកសារ និងច្បាប់គឺអត់មានអ្វីទាំងអស់។ គេឆ្លើយដោះសារថា គេកំពុងរត់ការ។ ប្រសិនជាបងប្អូនរងចាំដល់ពេលឯកសារចេញជាផ្លូវការ គឺបែកព័ត៌មានជាសាធារណៈគឺលែងចំនេញហើយ។ ដូច្នេះត្រូវតែចូលហ៊ុន ឬប្រមូលលុយជាសំងាត់សិន។ តាមពិតប្រសិនជាបងប្អូនទិញគម្រោងគេ គឺដូចបងប្អូនឲ្យគេយកលុយទៅរកស៊ីខ្យល់អញ្ចឹង។ វាមានហានិភ័យខ្ពស់ណាស់ សូមបងប្អូនប្រយ័ត្ន។

2- ក្រុមគេកំពុងបង្កើតមុខរបរថ្មីមួយ ដែលមានអ្នកនេះ អ្នកនោះនៅពីក្រោយ បង្កើតហើយដឹងតែចំនេញច្រើនហ្មង។ ពេលយើងសួររកឯកសារ គេថតស្រ្គីន នូវរូបភាពដែលគេកំពុងចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មខ្មែរ មានពេលខ្លះក៏មានឯកសារកំពុងចុះបញ្ជីនៅប្រទេសកូរ៉េឲ្យបងប្អូនមើលដែរ។ ពេលបងប្អូនសួរគេម្តងទៀត គេបង្ហាញរូបភាពថាបានចុះបញ្ជីជាមួយខាងនេះ ខាងនោះជិតរួចហើយ។ ប្រសិនជាបងប្អូនសួរនាំបន្តទៀតគេថាចុះបញ្ជីហើយហើយ ប៉ុន្តែកំពុងតែសុំសិទ្ធិផ្តាច់មុខ។ល។ ក្រុមគេថតស្គ្រីនឲ្យបងប្អូនមើលគេចំណាយថវិកាអស់តែបន្តិចបន្តួច ប៉ុណ្ណោះ ប៉ុន្តែគេយករូបភាពទាំងអស់នេះ ទៅប្រមូលលុយសន្សំពីបងប្អូនបានរាប់សិបម៉ឺនដុល្លារ ហើយមានករណីខ្លះគឺបានដល់រាប់លានដុល្លារ ហើយរត់បាត់។

3- ក្រុមគេថាមានទំនិញ ឬផលិតផលល្អ កំពុងលក់ដាច់ខ្លាំងណាស់ គេត្រូវការដើមទុនបន្ថែមដើម្បីពង្រីកទីផ្សារ។ គេថាគេស្គាល់យើង អានិតយើង ទើបបបួលយើងឲ្យចូលវិនិយោគជាមួយគ្នា ជាឱ្យធ្វើជាភ្នាក់ងារចែកចាយរបស់គេ ប៉ុន្តែយើងត្រូវតម្កល់លុយ និងកាត់ស្តុកច្រើនៗ។ល។ តាមពិតនេះជាទម្រង់ Marketing Networking ដែលអ្នកចុងដៃគឺដឹងតែវេទនាហើយ។

4- ក្រុមគេថាគេចងការលុយហើយឱ្យការប្រាក់ខ្ពស់ជាងទីផ្សារ។ ប្រសិនជាបងប្អូនមានសល់ប្រាក់សន្សំ គឺសុំដាក់នៅគេទៅ។ ហើយគេលើកទឹកចិត្តបងប្អូនឱ្យទៅខ្ចីមិត្តភក្តបន្ត ដើម្បីយកលុយមកចងការជាមួយគេ ដើម្បីបានស៊ីក្បាលកាក់។ នៅពេលដែលបងប្អូនប្រមូលបានច្រើនរាប់សិបម៉ឺន គឺគេអាចរត់បាត់ រីឯអ្នកវេទនា នុងត្រូវប្រឈមជាមួយមិត្តភក្តប្តឹងគឺបងប្អូននេះឯង។

លោកបន្តថា, អាចនៅមានរូបភាពជាការប្រមូលតុងទីន។ល។ និង។ល។ ដែលខ្ញុំក៏ដឹងមិនអស់។ ហើយការសរសេរនេះ ក៏គ្រាន់តែជាការរំឮកដើម្បីឱ្យបងប្អូនមានការប្រុងប្រយ័ត្ន ចៀសវៀងចាញ់បោកជនខិលខូច។

លោកសូមបងប្អូនខិតខំសន្សំប្រាក់ទុកក្នុងដៃខ្លួនឯង ឬផ្ញើរជូនអ្នកផ្ទះដោយផ្ទាល់ដៃ ទិញដី ឬរកស៊ីដោយផ្ទាល់ដៃ ឬរកស៊ីជាមួយក្រុមហ៊ុនដែលមានឈ្មោះ ដែលមានការទទួលស្គាល់ពីច្បាប់ត្រឹមត្រូវវិញ។ បងប្អូនខិតខំធ្វើការហើយ សូមខិតខំការពារខ្លួនពីជនខិលខូច ចៀសវៀងចង់បានលុយច្រើន បែរជាខាតបង់ថវិកាសន្សំរបស់ខ្លួន។

ជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អ គេចផុតពីឧបាយកលរបស់ជនខិលខូច ដែលពូកែរខាងនិយាយល្អ ប្រជាភិថុត។

សង្ឃឹមថាចូលឆ្នាំនេះនឹងបានជួបបងប្អូននៅតាមគោលដៅមួយចំនួន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print