ភ្នំពេញ : នារសៀលថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើទី១១២ ឆ្នាំ២០២៣ ប្រារព្ធនៅវិមាន៧មករា។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល» ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងបរិបទ បច្ចុប្បន្ន ក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ច អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ។
សម្ដេចក្រឡាហោមថ្លែងថា ក្រៅពីការចូលរួមការងារក្នុងវិស័យសាធារណៈ នារីមានតួនាទីជាកាតព្វកិច្ចដ៏សំខាន់មួយមិនអាចខ្វះបាន គឺជាអ្នកបង្កើតនូវអ្នកបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់រហូតមានឈ្មោះថា «នារីជាមាតាពិភពលោក»។ សម្ដេចចាត់ទុកការប្រារព្ធទិវាអន្តរជាតិនារី ៨មិនា មិនមែនមានន័យថា ជាការប្រគល់សិទ្ធិដល់នារីតែមួយថ្ងៃនោះទេ តែដើម្បីឲ្យចងចាំថាសិទ្ធិនារី គឺជាសិទ្ធិមនុស្ស ដែលមិនអាចខ្វះបាន និងមានលក្ខណៈពិសេសបន្ថែមមួយចំនួន ដែលនារីត្រូវតែទទួលបានការគោរព និងធានាសិទ្ធិ គឺសិទ្ធិក្នុងការចូលរួមបង្កើត ការពារ អភិវឌ្ឍន៍គ្រប់វិស័យ និងជា អ្នកអប់រំ ថែទាំ និងទ្រទ្រង់បរិស្ថានក្នុងការរស់នៅរបស់មនុស្សគ្រប់ជំនាន់។
សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានយកចិត្តទុកដាក់ និង លើកកម្ពស់សិទ្ធិជូនស្ត្រី ដោយបានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ក៏ដូចជាកម្លាំង ចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ហើយបានបង្កើតកាលានុវត្តភាពជូនស្ត្រីទាំងអស់អោយមានឱកាសអភិវឌ្ឍចំណេះដឹង ជំនាញ បច្ចេកទេស និងផ្តល់ ឱកាសអោយស្ត្រីមានការងារធ្វើក្នុងវិស័យសាធារណៈ និងក្នុងជួររាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាក្រសួងមហាផ្ទៃ ក៏បានធ្វើអោយប្រសើរឡើងនូវសមធ៌មយេនឌ័រ និងបរិយាប័ន្ន ដោយដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាព ដែលឆ្លើយតបទៅនឹងការផ្ដល់ឱកាស និងផលប្រយោជន៍ដល់ស្រ្តី និងបុរស ប្រកបដោយសមធ៌ម ទាំងនៅក្នុងជួរមន្ត្រីរាជការស៊ីវិល និងកងកម្លាំងក្រោមឱ វាទនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយ ក្រសួងមហាផ្ទៃ។
ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវការកោតសរសើរ និងអបអរសាទរ ប្រកបដោយមោទនភាពចំពោះសមិទ្ធិផលទាំងឡាយ ដែលក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃធ្វើបានកន្លងមក និងសូមលើកទឹកចិត្តអោយមានការខិតខំប្រឹងប្រែង ជាបន្តទៀត ដើម្បីសម្រេចអោយបាននូវផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថាទិវាអន្តរជាតិនារី ៨មីនា ជាការដាស់តឿនក្រើនរំលឹកឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ចងចាំថានារីមានសិទ្ធិស្មើគ្នាដូចនឹងបុរស និងជាសិទ្ធិបានមកដោយការតស៊ូពុះពារជម្នះឧបសគ្គយ៉ាងលំបាក តាំងពីជាង១០០ឆ្នាំមុន ទម្រាំនឹងមានការទទួលស្គាល់អំពីគុណតម្លៃរបស់នារីក្នុងការចូលរួមកសាង ការពារ និងអភិវឌ្ឍន៍ប្រទេស៕
ដោយ : សហការី