ខេត្តសៀមរាប ៖ អគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយឆ្លងចរន្តភ្លើងអគ្គីសនី នៅវេលាម៉ោងប្រមាណ ២២៖៥៦នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានភាពបាន។ សម្រាប់គ្រោះអគ្គិភ័យនេះ គេមិនទាន់ដឹងពីទំហំនៃការខូចខាតនោះឡើយ។
មន្រ្តីនគរបាលពន្លត់ និងបង្ការអគ្គិភ័យខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ហើយករណីនេះបានធ្វើឲ្យអគារមួយរងការខូចខាត។ បើតាមមន្រ្តីនគរបាល សម្រាប់មូលហេតុនោះ សមត្ថកិច្ចជំនាញបាននិងកំពុងស្រាវជ្រាវ និងសួរនាំក្រុមជាងដែលធ្វើការប្រចាំការនៅទីតាំងអាគារដែលឆេះនេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា, ក្រសួងព្រះបរមរាជវាំង សូមប្រកាសជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២:០៥នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជ ដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ( ទុស្សេខ្សែភ្លើង ) ។
ក្រសួងព្រះបរមរាជវាំង មានការសោកស្ដាយជាពន់ពេក ចំពោះព្រឹត្តការណ៍ជាអកុសលនេះ ។
អាស្រ័យហេតុនេះ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន ។
ភរិយា លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបង្ហោះ លើ ផឹកផ្លូវការនៅថ្ងៃនេះថា, 😔🙏🏼 នាងខ្ញុំពិតជាសោកស្តាយ ចំពោះអគ្គីភ័យដែលបានឆាបឆេះអាគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត កាលពីម៉ោង ១០:០៥នាទីយប់ ស្ថានភាពពេលនេះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង ។
ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ។
ឆ្លៀតឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍ និងសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបារម្ភពីឧប្បត្តិហេតុនេះ ។
ដោយឡែក នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។ គិតត្រឹមព្រឹកនេះ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ។
លោក ហ៊ុនម៉ានី មានប្រសាសន៍ថា, ចេញពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ។
ឆ្លៀតឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍ ៕
ដោយ : សិលា