ខេត្តតាកែវ៖ ស្មៀនឃុំសំរោងម្នាក់រងការប្ដឹងពីក្រុមប្រឹក្សាឃុំសំរោង ស្រុកសំរោង ខេត្តតាកែវថា បានប្រព្រឹត្តអំពើពុករលួយ ធ្ងន់ធ្ងររួមទាំងក្លែងបន្លំឯកសារលិខិតស្នាមផ្សេងៗ ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ស្មៀនឃុំសំរោងឈ្មោះ ណុប ភី បាន ប្រើប្រាស់អំណាចជាមន្រ្តីស្មៀនគ្របដណ្ដប់ លើមេឃុំ និងក្រុមប្រឹក្សាឃុំប្រព្រឹត្តអំពើពុករលួយទៅលើថវិកាបុរេប្រទានជាថវិការបស់ រដ្ឋក្នុង១ឆ្នាំមានចំនួន២៨លានរៀលចាយវាយដោយគ្មានឯកសារលិខិតស្នាមឬមានការទទួលស្គាល់ពីមេឃុំ និងក្រុមប្រឹក្សា នោះទេ ។
ដោយទ្រាំនឹងការប្រព្រឹត្តអំពើពុករលួយដដែលរបស់លោកស្មៀនឈ្មោះ ណុប ភី នេះមិនបានខាងក្រុមប្រឹក្សាឃុំបានសម្រេច ចិត្តដាក់ពាក្យប្ដឹងតាមរយៈប្រអប់សំបុត្រនៅមុខសាលាឃុំដោយមិនហានចេញមុខសុំឲ្យថ្នាក់លើមានចំណាត់ការទៅលើមន្រ្តីស្មៀនរូបនេះ ។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំសំរោងទាំងមូលបាននាំគ្នាស្នើសុំឲ្យថ្នាក់លើមេត្តាជួយចាត់វិធានការទៅលើស្មៀននេះ ព្រោះស្មៀនខាងលើមិនទទយលខុសត្រូវពាក់ព័ន្ធឯកសារផ្សេងៗដែលខ្លួនបានរត់ការឲ្យពួកគាត់ ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថាកាល់ពីពេលថ្មីនេះមានប្រជាពលរដ្ឋមកសុំចម្លងឯកសារនិងលិខិតស្នាមពាក់ព័ន្ធនឹងជនបរទេសដែលកន្លងទៅស្មៀនខាងលើបានរត់ការធ្វើឲ្យគាត់ដើម្បីបានសិទ្ធិជ្រកកោនតែពេលដែលពួកគាត់សុំចម្លងស្មៀននេះថាមិនមានឯកសារនៅក្នុងគល់បញ្ជីឡើយហើយពួកគាត់បានទៅប្ដឹងមេឃុំ សំរោងស្រាប់តែមេឃុំសំរោងមិនដោះ ស្រាយឲ្យគាត់ ។
ជុំវិញករណីខាងលើលោក សុខ សេង មេឃុំសំរោងបានថ្លែងទទួលស្គាល់ថា លោក ណុប ភី ស្មៀនឃុំសំរោងពិតជារងការប្ដឹងពីសំណាក់ក្រុមប្រឹក្សាឃុំសំរោងពាក់ ព័ន្ធនឹងអំពើពុករលួយ ។
លោកមេឃុំបន្ដទៀតថា ចំពោះរឿងរត់ការឯកសារឲ្យប្រជាពលរដ្ឋស្មៀនខាងលើពិតជាមានប្រជាពលរដ្ឋប្ដឹងលោកមែនពាក់ព័ន្ធឯកសារមិនមានភាពប្រក្រតីមួយចំនួនហើយលោកបានណែនាំនិងរាយការណ៍ ជូនថ្នាក់លើរួចហើយ ។
លោក ញ៉ែម ស្រស់ អភិបាលស្រុក សំរោងបានឲ្យដឹងថា ស្មៀនឈ្មោះ ណុប ភី ពិតជារងការប្ដឹងពីក្រុមប្រឹក្សាពាក់ព័ន្ធ អំពើពុករលួយនិងរឿងផ្សេៗជាច្រើនទៀតតែលោកបានយកមកអប់រំហើយតែបើនៅតែធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទៀតលោកនឹងស្នើទៅថ្នាកលើចាត់វិធានការ ៕
ដោយ៖ ជីសូរកា