ភ្នំពេញ៖ បុក្គលិករបស់ស្ថានីទូរទស្សន៍ប៉ុស្តិលេខ៥ម្នាក់ដែលជាអ្នកបញ្ចូលសម្លេងបានជិះម៉ូតូវ៉ារថយន្ត តែមិនផុតបានជ្រុលទៅប៉ះជាមួយកង់រថយន្តបណ្តាលឲ្យខ្ទាតចូលកិនខ្ទេចជើងទាំង២ តែសំណាងដែរ ដែលមិនបណ្តាលឲ្យរងគ្រោះដល់ជីវិត ខណៈនោះរថយន្តមិនបានឈប់ទេ គឺបានបើករត់ទៅដល់សង្កាត់ព្រែកកំពឹស ទើបឃាត់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវៗ១៧ ភូមិបាគូរ សង្កាត់ង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ។
យោងតាមសម្តីសាក្សីដែលបានឃើញហេតុកាណ៍ខាងលើបានឲ្យដឹងថា គេបានសង្កេតឃើញរថយន្តនិងម៉ូតូរងគ្រោះបើកបរស្របទិសគ្នាដោយរថយន្តបើកនៅខាងមុខ ចំណែកម៉ូតូនៅខាងក្រោយ ខណៈម៉ូតូបានបើកវ៉ារថយន្ត ហើយក៏បានអកសើរជាមួយនិងពុំនូកដីដែលបានចាក់ធ្វើសួនច្បារនៅពីមុខ ពេលនោះភាគីខាងម៉ូតូក៏បានគេចស្រាប់តែមកប៉ះជាមួយនិងកង់ក្រោយរថយន្តនោះបណ្តាលឲ្យខ្ទាតជើងចូលក្រោមរថយន្តកិនខ្ទេចជើងទាំង២រងរបួសធ្ងន់តែម្ដង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងដែរថា បុរសរងគ្រោះមានឈ្មោះ ម៉ៅ ញ៉រ ភេទប្រុស អាយុ៦៥ឆ្នាំ មានមុខរបរជាបុក្គលិករបស់ស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលជាអ្នកបញ្ចូលសម្លេង សា្នក់នៅភូមិប្រប៉កខាងត្បូង សង្កាត់កាកាប ខណ្ខពោសែនជ័យ ជិះម៉ូតូម៉ាកហុងដារឌ្រីមសង ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CD-5072 រងរបួសបាក់ជើងខ្ទេចទាំង២។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សុប សារុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុុំ ខេត្តស្វាយរៀង បានបើកបររថយន្តម៉ាកFUSO ពណ៌លឿង ប្រភេទយីឌុប ពាក់ស្លាកលេខ ព្រះសីហនុ3A-2318 ។ ហើយភ្លាមៗនោះក៏មានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពខណ្ឌដង្កោ បានមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ហៅពេទ្យរុស្ស៊ី)។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានរួមទាំងជំនាញ បានធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូដែលរងការខូចខាតបញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជីម ភារ៉ា ដង្កោ