ខ្លាចចិនឡោមព័ទ្ធជិតទាំងស្រុង រដ្ឋាភិបាលកោះតៃវ៉ាន់បង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ

ចែករំលែក៖

រយៈពេលកន្លងមកកោះតៃវ៉ាន់បានចំណាយប្រាក់ជាច្រើនដើម្បីទិញអាវុធពីអាមេរិក ហើយនៅពេលនេះតៃវ៉ាន់ក៏បានបង្កើនប្រាក់ចំណាយបន្ថែមទៀតលើវិស័យយោធាដែរ។ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនាឆ្នាំ២០២៣បានផ្សាយថា របាយការណ៍មួយរបស់ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងថា ការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ក្នុងឆ្នាំនេះ នឹងផ្តោតទៅលើការត្រៀមសព្វាវុធនិងសម្ភារសម្រាប់ករណីមានការឡោមព័ទ្ធជិតទាំងស្រុងដោយចិន ។

គោលដៅនៃការចំណាយច្រើន ក្នុងនោះរួមមានទាំងគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-16 ហើយនិងការបំពេញចំនួនអាវុធនៅក្នុងស្តុកឡើងវិញ។ ក្នុងរបាយការណ៍ស្វែងការយល់ព្រមចំពោះកញ្ចប់ថវិកាពីសភា ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានចាប់ផ្តើមពិនិត្យទៅលើធនធានឥន្ធនៈបម្រុង និងសមត្ថភាពជួសជុលបរិក្ខារយោធា តាំងតែពីឆ្នាំមុន។
ដើម្បីត្រៀមលក្ខណៈសម្រាប់ករណីអាចមានការឡោមព័ទ្ធជិតទាំងស្រុងដោយចិននាពេលអនាគត ការចំណាយក្នុងឆ្នាំនេះ នឹងរួមមានការស្តារស្តុកគ្រាប់កាំភ្លើងធំនិងរ៉ុក្កែតឡើងវិញ ព្រមទាំងគ្រឿងបន្លាស់របស់យន្តហោះចម្បាំង F-16 ដើម្បីពង្រឹងសមត្ថភាពបន្តការប្រយុទ្ធក្នុងពេលមានជម្លោះកើតឡើង។
ក្រសួងការពារជាតិតៃវ៉ាន់បានបន្តថា ខ្លួនក៏នឹងរួមបញ្ចូលការចំណាយជាអាទិភាពនៅក្នុងកញ្ចប់ថវិកាឆ្នាំនេះ សម្រាប់ការទិញសព្វាវុធសំខាន់ៗពីអាមេរិកផងដែរ ដូចជាប្រព័ន្ធបាញ់មីស៉ីលប្រឆាំងយន្តហោះយោធា Stinger និងប្រព័ន្ធបាញ់ផ្លោងរ៉ុក្កែត M142 HIMARS។ ក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីការវាយតម្លៃចំពោះការគំរាមកំហែងពីចិន ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងថា យោធាចិនបានបន្តធ្វើប្រតិបត្តិការកងកម្លាំងចម្រុះរបស់ខ្លួនជាមួយក្រសែភ្នែកផ្តោតទៅលើ ការព្យាយាមគ្រប់គ្រងច្រកយុទ្ធសាស្រ្តនានា ហើយទប់ស្កាត់មិនឱ្យកងកម្លាំងបរទេសធ្វើដំណើរចូលមកបាន។
ចិនដែលទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាយ៉ាងកក្រើកនៅជុំវិញដែនកោះនេះ កាលពីខែសីហា ឆ្នាំ២០២២ ដោយបានបាញ់ស្រោចមីស៉ីលហោះរំលងតៃវ៉ាន់ ហើយប្រកាសបង្កើតតំបន់គ្មានការហោះហើរ និងការធ្វើនាវាចរណ៍ថែមទៀតក្នុងសេណារីយ៉ូមួយនៃរបៀបដែលខ្លួននឹងព្យាយាមកាត់ផ្តាច់តៃវ៉ាន់ក្នុងពេលមានសង្រ្គាម៕ ដោយធីរីណា

...

រូប​ថត​ : TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print