លោករដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ​ ជំរុញឱ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុណកំណើនទេសចរទៅវិញទៅមក

ចែករំលែក៖

ទីក្រុង​វៀងចន្ទន៍៖ លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អមដោយ លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ​ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបសម្តែងការគួរសមជាមួយលោក គិកែវ ខាយ ខាំភិធូន (Kikeo Khaykhamphithoune) ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

នាឱកាស​នោះ​ លោកឧបនាយករដ្ឋមន្រ្តីឡាវ​ បានបង្ហាញពីអារម្មណ៍រំភើបចំពោះដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី និងបានរំលឹកលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោកនៅតែចាំមិនភ្លេច និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជំនួយជាវ៉ាក់សាំង សម្ភារពេទ្យ និងថវិកាដល់រដ្ឋាភិបាលឡាវសម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ ប្រទេសឡាវអាចបើកដូចធម្មតាវិញ។ លោកឧបនាយករដ្ឋមន្រ្តីឯកភាពជាមួយលោករដ្ឋមន្រ្តីក្នុងការតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរតាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួលយកទៅពិនិត្យ ដើម្បីជំរុញឲ្យអាកាសចរឡាវបើកការហោះហើរបន្ថែមមកកាន់កម្ពុជា។

បន្ទាប់ពីបានជំនួបសម្តែងការគួរសមជាមួយលោក គិកែវ ខាយ ខាំភិធូន រួចមកលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញជួបប្រជុំទ្វេភាគីជាមួយលោកស្រី សួន​ សាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដើម្បីពិភាក្សាលើសក្តានុពលក្នុងការជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី និងពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីទេសចរណ៍កម្ពុជា-ឡាវលើកទី២ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ផងដែរ។

ជាលទ្ធផល រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរបានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់។

រដ្ឋមន្រ្តីទាំងពីរយល់ស្របគ្នាក្នុងការជំរុញឱ្យឧត្តមមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជាប្រើប្រាស់ផ្លូវល្បឿនលឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឱ្យទេសចរកម្ពុជាអាចកំសាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ ជាពិសេសថែមទៀតនោះ គឺការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។ ទាក់ទងនឹងការហោះ ហើរ ភាគីកម្ពុជាស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរវៀងចន្ទន៍ ភ្នំពេញ ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធនិងគោលនយោបាយ ពិេសសផ្សេងទៀតតាមការស្នើសុំរបស់មិត្តឡាវ។

បន្ថែមលើនេះ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជា កម្មវិធីជិះកង់កម្ពុជា-ឡាវ ម៉ារ៉ាតុន ពិព័រណ៍ម្ហូបអាហារ ដើម្បីអបអរសាទរខួប ៦៧ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងប្រើប្រាស់ឱកាសនៃការរៀបចំព្រឹត្តិការណ៍កម្មវិធីស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ ឆ្នាំទស្សនាកម្ពុជា ២០២៣ និងវេទិកាទេសចរណ៍អាស៊ាន ២០២៤ នៅប្រទេសឡាវ ដើម្បីទាក់ទាញលំហូរទេសចរមក កាន់ប្រទេសទាំងពីរ។

...

គួរបញ្ជាក់ផងដែរថា នាអំឡុងពេលនៃកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំរវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីពិនិត្យលើការរៀបចំកញ្ចប់ទេសចរណ៍រួម តភ្ជាប់ទំនាក់ទំនងធុរកិច្ចទេសចរណ៍៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print