ភ្នំពេញ៖ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនីសឹងពោធិ៍សាត់១រួចហើយនោះសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក៏បានអញ្ជើញធ្វើដំណើរមកកាន់កន្លែងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងជួបកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅការដ្ឋាននេះផងដែរ។
សូមជម្រាបថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគរួចមក ក្រុមហ៊ុនបានខិតខំស្វែងរកប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជានាពេលកន្លងមក។
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុកដាក់សាងសង់ និងសម្រេចបានលទ្ធផលមួយចំនួនរួមមាន បោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៥៦៦ហិកតា, កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោងលើផ្ទៃដីទំហំ ៥៦៦ហិកតា ព្រមទាំងបានសាងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត ៣៦គីឡូម៉ែត្រ។
គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់
ព្រមទាំងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ខាងមុខ៕ ដោយ៖ស តារា