សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីបើកសន្និសីទជនមាន ពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង នៅ សណ្ឋាគារសុខាភ្នំពេញ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ បន្តចូលរួមគាំទ្រលើការអនុវត្តគោលនយោបាយនានា ដើម្បីអាចផ្ដល់សិទ្ធិពិតប្រាកដដល់ជនដែលមានពិការភាព។​ សម្តេចតេជោ ថ្លែង​បញ្ជាក់ថា ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ជនមានពិការភាពចំនួន ២ ភាគរយ ក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យ ឯកជន។

-សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការចូលរួមជាមួយគ្នាក្នុងស្មារតីជីវភាព ក្នុងប្រព័ន្ធតែមួយស្ដីពីទស្សវត្សន៍ជនមានពិការភាពជាប្រចាំ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាពនៅទូទាំងប្រទេសតំបន់ និងសកល។

-សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរដែលមានពិការភាពមកចូលរួមក្នុងព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា ដែលគិតត្រឹម ថ្ងៃទី១៥ មីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៥១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

-សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមាន-ពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។

-សម្តេចតេជោ ថ្លែងថា បច្ចុប្បន្នបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយបាន និងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមាន-ពិការភាព និងជនងាយរងគ្រោះដទៃទៀត។

-សម្តេចតេជោ ថ្លែងថា វិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងមានការលេចចេញនូវការ ប្រណាំងប្រជែងរបស់មហាអំណាចធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ព្រមទាំងការលើកកម្ពស់ការអនុវត្តយន្តការអន្តរជាតិ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ។

-សម្តេចតេជោ ថ្លែង​ថា ចំពោះបញ្ហាសង្គ្រាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្រ្ត ហើយជាការពិត «សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ»។ ក្នុងន័យនេះមានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព។

-ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្តេចតេជោ ហ៊ុន សែន សូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម៖

ទី១៖ គ្រប់កិច្ចអភិវឌ្ឍ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យ មានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ ។

ទី២៖ ការបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ ជាក់ស្តែង ជាពិសេសមតិយោបល់ល្អៗនៃកិច្ចពិភាគ្សាគ្នាក្នុង រយៈពេល ៣ ថ្ងៃ នៃសន្និសីទនេះ សម្រាប់ជាធាតុចូលដល់ការ សម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិត សហគមន៍ឱ្យបានកាន់តែស៊ីជម្រៅ ។

ទី៣៖ ខ្ញុំសូមលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយ បៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់ តែច្រើន ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ។

ទី៤៖ ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងសូមអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តី-ថ្លែងការណ៍ហ្សាកាតាស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៣-២០៣២ ដើម្បីជាគុណ ប្រយោជន៍ដល់ជនមានពិការភាព ទាំងក្នុងប្រទេស តំបន់ និងសកល។

...

សូមជម្រាបជូនថា​ សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើង ចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែល កាលនោះសន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារ លទ្ធភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print