សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : នាព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ព្រមទាំងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល សមាគមនានា ប្រមាណសរុបចំនួន ៤៥៤នាក់។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ខេត្តបាត់ដំបងបានបោះជំហានលើដំណើរការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងមានការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ននេះរួមចំណែកលើកស្ទួយកម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ 

៊លោកអភិបាលខេត្ត បានបន្តថា អង្គសន្និបាតបានស្ដាប់នូវសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តដោយធ្វើការវាយតម្លៃខ្ពស់ទៅលើសមិទ្ធផលជាច្រើនដែលខេត្តសម្រេចបានក្នុងឆ្នាំ២០២២ ជាពិសេស ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងដំណោះស្រាយនានា ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ទំនាស់វិវាទនៅតាមមូលដ្ឋានផងដែរ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រី លោកស្រី អស់លោក ក្នុងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ច សម្រេចបានសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២ កន្លងមកនេះ។ 

សម្ដេចក្រឡាហោម បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ដើម្បីស្តារផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបណ្តាលមកពីជំងឺកូវីដ-១៩, គ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើនប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ និងរំពឹងទុកថា នឹងមានកំណើនក្នុងរង្វង់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣នេះ។

ទន្ទឹមនេះ សម្តេចក្រឡាហោម ក៏បានណែនាំដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ត្រូវខិតខំរួមគ្នាសម្រេចឱ្យបានក្នុងឆ្នាំ២០២៣ លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧, អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ខេត្តបាត់ដំបង ជាខេត្តដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍវិស័យកសិកកម្ម ឧស្សាហកម្ម និងទេសចរណ៍ សម្ដេច ក៏បានណែនាំរដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ ស្តីពីវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់សិទ្ធិអំណាចដល់រដ្ឋបាលខេត្តមានសិទ្ធិសម្រេច អនុញ្ញាតការវិនិយោគក្នុងទុនវិនិយោគដែលមានទំហំទឹកប្រាក់មិនលើសពី ៥លាន ដុល្លារសហរដ្ឋអាមេរិក និងត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម វិស័យទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម សម្រាប់បង្កើតឱកាសការងារ ប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ សម្ដេច ក៏បានណែនាំ និងផ្ដល់ទស្សនទានដល់អង្គសន្និបាតអំពីការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ការគ្រប់គ្រងធនធានធម្មជាតិ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយបានលើកទឹកចិត្តរដ្ឋបាលខេត្តឱ្យយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងគុណភាព ផ្តល់ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។ ក្នុងនោះផងដែរ សម្ដេចក្រឡាហោម

ក៏បានណែនាំបន្ថែមឱ្យរដ្ឋបាលខេត្តត្រូវដឹកនាំសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឱ្យអង្គភាពច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំ និងទទួលបាននូវសេវានានានៅកន្លែងតែមួយ ហើយទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ និងការពង្រឹងរបៀបរបបការងារ ផងដែរ៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print