ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២១គ្រួសារ នៅខណ្ឌមានជ័យ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

​     ភ្នំពេញ​ ៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ បានចាត់ឱ្យមន្ត្រីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២១គ្រួសារ (ស្មើនឹង៧ខ្នងផ្ទះ​ មាន៣១បន្ទប់) ក្នុងនោះអ្នករងគ្រោះធ្ងន់ធ្ងរ​មាន​៥គ្រួសារ,​ អ្នករងគ្រោះស្រាល​មាន​២គ្រួសារ​ និងអ្នកស្នាក់នៅបន្ទប់ជួលមាន​១៤គ្រួសារ ដែលស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

​    នៅក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត 

ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះដែលបានបំផ្លាញទីជម្រកនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ។

​    លោកស្រីបានបន្តថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទីកន្លែង​ ហេីយតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទចុះភ្លាមៗឱ្យបានទាន់ពេលវេលា​។ ថ្វីបេីអំណោយទាំងនេះពុំអាចស្មើទៅនឹងទំហំនៃការខូចខាតទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះក៏ពិតមែន ក៏ប៉ុន្តែបានចូលរួមរំលែកនូវទុក្ខលំបាកដែលបងប្អូនទាំង២១គ្រួសារនេះ​កំពុងជួបប្រទះបានមួយគ្រាផងដែរ។

​     លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឱ្យបានរួចរាល់ ដោយសារថាគ្រោះអគ្គិភ័យនេះវាធ្វើឱ្យគ្រួសារយើងវិនាសទាំងផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា។ ទន្ទឹមនឹងនេះ​ លោកស្រីបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលផ្តាំផ្ញើលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត ពង្រឹងស្មារតី និងកម្លាំង ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ​ ព្រោះថាយេីងនៅមានឱកាសជាច្រេីនដោយសារតែយេីងកំពុងរស់នៅក្នុងសុខសន្តិភាព​ ហើយត្រូវរក្សាអនាម័យក្នុងការរស់នៅ ជៀសវាងកើតមានជំងឺផ្សេងៗ។ 

​    ជាមួយគ្នានោះ​ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋរងគ្រោះក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អ្នកជិតខាង និងសប្បុរសជននានាដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ការរស់នៅក្នុងស្ថានភាពលំបាកនេះដែរ។ 

​     សូមបញ្ជាក់ថា គ្រួសាររងគ្រោះទាំង ២១គ្រួសារ ទទួលបាន ៖ អង្ករ ៨០គីឡូក្រាម, មីជាតិ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, សាប៊ូដុសខ្លួន២ដប និងតង់១ផ្ទាំង។ ចំពោះអ្នករងគ្រោះធ្ងន់ធ្ងរ៥គ្រួសារទទួលបានថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល។ អ្នករងគ្រោះស្រាល២គ្រួសារ​ទទួលបានថវិកាបន្ថែមចំនួន៣០ម៉ឺនរៀល។ អ្នកជួលផ្ទះ១៤គ្រួសារទទួលបានថវិកាបន្ថែម ២០ម៉ឺនរៀល។ 

​   គួររំលឹកផងដែរថា​ កាលពីវេលាម៉ោង ៦:៣០នាទី នាព្រលប់ថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ រាលដាលតៗគ្នាអស់ផ្ទះចំនួន៧ខ្នង មាន៣១បន្ទប់​ បណ្តាលឱ្យទ្រព្យសម្បត្តិផ្ទះសម្បែងក្លាយជាចំណីព្រះអគ្គីទាំងស្រុងតែមួយប៉ប្រិចភ្នែក៕ ដោយ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print