យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី 16 ខែមីនាថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រខាងកើតប៉ុន្មានម៉ោងមុនពេលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុងតូក្យូ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា កាំជ្រួចនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ៧ៈ១០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា (ម៉ោងក្នុងតំបន់) ចេញពីតំបន់ Sunan ទីក្រុងព្យុងយ៉ាង។ រ៉ុក្កែតនេះត្រូវបានគេប៉ាន់ស្មានថាបានហោះបានចម្ងាយប្រហែល ១០០០ គីឡូម៉ែត្រ។
ក្រសួងការពារជាតិជប៉ុនបាននិយាយថា មីស៊ីលដែលកូរ៉េខាងជើងបាញ់បង្ហោះនៅព្រឹកនេះ ទំនងជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលបានហោះចម្ងាយជាង ៦.០០០គីឡូម៉ែត្រ ក្នុងរយៈពេលប្រហែល ៧០នាទី។ ក្រសួងបាននិយាយថា កាំជ្រួចនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ចម្ងាយប្រហែល 200 គីឡូម៉ែត្រភាគខាងលិចនៃកោះ Oshima ក្នុងទីក្រុងហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន។
ប្រទេសកូរ៉េខាងត្បូងបានកោះប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនជុំវិញការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ទីក្រុងតូក្យូក៏នឹងរៀបចំកិច្ចប្រជុំស្រដៀងគ្នានេះផងដែរ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងភរិយា បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ នៅថ្ងៃ ទី១៦ខែមីនា តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ចូលសមុទ្រខាងកើតឬសមុទ្រជប៉ុន។
បើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក យូន ស៊ុកយុល (Yoon Suk Yeol) និងភរិយា នឹងត្រូវបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនានេះ តបតាមការអញ្ជើញរបស់ទីក្រុងតូក្យូ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់នៅជប៉ុន ក្នុងរយៈពេល ១២ឆ្នាំ មកនេះផងដែរ និងបន្ទាប់ពីទីក្រុងសេអ៊ូលបានប្រកាសពីផែនការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃជុំវិញការបង្ខំកម្លាំងពលកម្មក្នុងសម័យសង្គ្រាម៕ ដោយធីរីណា
រូបថត :KCNA
រូបថត : YONHAP NEWS