ភ្នំពេញ÷រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្ត្របានឲ្យដឹងថា កម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើនពីការនាំចេញក្នុងឧស្សាហកម្មកាត់ដេរសម្លៀក បំពាក់ វាយនភណ្ឌនិងស្បែកជើង។លោករដ្ឋលេខាធិការ បញ្ជាក់ថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានប្រមាណ ៨.៩៦៩ លានដុល្លារអាមេរិក។ ដោយឡែកទីផ្សារសហភាពអឺរ៉ុបមានប្រមាណ ៤.០៤៥លានដុល្លារអាមេរិក និងទីផ្សារជប៉ុនមានប្រមាណ ១.១៧៣ លានដុល្លារអាមេរិក។
លោករដ្ឋលេខាធិការអះអាងថា កម្ពុជាបានអនុវត្តស្តង់ដាលក្ខខណ្ឌការងារ ដោយគោរពទៅតាមច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) អង្គការអន្តរជាតិខាងការងារ (ILO) និងច្បាប់ការងាររបស់កម្ពុជា។ អន្តរជាតិទទួលស្គាល់ថា ផលិតផលនាំចេញពីកម្ពុជាបានផ្សារភ្ជាប់ជាមួយស្តង់ដារការងារល្អប្រសើរ។
លោកសុខ សុភ័ក្ត្រ បានបញ្ជាក់ថា ការហាមឃាត់ការប្រើប្រាស់ពលកម្មដោយបង្ខំ គឺដើម្បីជៀសវាងការ អនុវត្តខុសនាំឱ្យមានការផាកពិន័យ ជាប់ទោសទណ្ឌ និងបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។ ចំពោះការករណីនេះរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនពោលគឺមិនមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ។
កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ។ ក្នុងសិក្ខាសាលាមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី២ រួមទាំងរោងចក្រ-សហគ្រាស ដែលជាសមាជិកនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា និងសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា សរុបចំនួន ៨០នាក់។
ក្នុងសិក្ខាសាលាមានការបង្ហាញពីទិដ្ឋភាពច្បាប់ជាតិ និងច្បាប់អន្តរជាតិដូចជា៖
១-អនុសញ្ញាលេខ ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច របស់អង្គការអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ១៩៦៩ រួចហើយ
២-កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មនិងពន្ធគយ ឆ្នាំ១៩៩៥ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ២០០៤
៣-ច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩៧
៤-ប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ ដើម្បីផលិតទំនិញនាំចេញ៕