ណាហ្គាវើលបេះដូងសប្បុរសឧបត្ថម្ភកន្សែងពោះគោចំ​នួន ៦០០ ដល់កុមារកំព្រាអង្គការមូលនិធិកុមារកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កុមារ​កំព្រា​ និង​កុមារ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ថ្មីៗ​នេះ​បាន​ទៅ​សួរ​សុខ​ទុក​កុមារ​កំព្រា​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ និង​បាន​នាំ​យក​កន្សែងពោះគោ​ចំនួន​ ៦០០​ ដើម្បី​ចែក​ជូន​ដល់​កុមារ​កំព្រា​ផង​ដែរ​ ស្ថិត​ក្នុង​ខណ្ឌ​ស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ​

ssP1

​លោក​ James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​មាន​ប្រសាសន៍​ថា​ “​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​ទៅ​សួរ​សុខ​ទុក​ និង​បាន​ឧបត្ថម្ភ​កន្សែងពោះគោ​មួយ​ចំនួន​ដល់​កុមារ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ហើយ​សង្ឃឹមថា​អំណោយ​បន្តិចបន្តួច​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​កុមារ​មាន​ភាព​កក់ក្តៅ​ក្នុង​បេះដូង​របស់​ពួក​គេ​។​ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កុមារ​កំព្រា​ និង​កុមារ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ បន្ថែម​ពីលើ​នេះ​ទៀត​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​នឹង​កំពុង​តែ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ ។​ យើង​នឹង​បន្តការងារ​សង្គម​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ជាមួយ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នា​ពេល​អនាគត​”​ ។​ ​ ​

លោក​បាន​បន្ថែម​ទៀត​ថា​ “​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​ផែនការ​ដើម្បី​ចែក​សម្ភារ​សិក្សា​ដល់​កុមារ​កំព្រា​ និង​កុមារ​ក្រីក្រ​នៅ​ចុងឆ្នាំ​២០១៥​ និង​ដើមឆ្នាំ​២០១៦​ នៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ និង​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​ខិតខំ​រៀនសូត្រ​សម្រាប់​អនាគត​ភ្លឺស្វាង​របស់​ពួក​គេ​ និង​ដើម្បី​អនាគត​ប្រទេស​កម្ពុជា​ផង​ដែរ​។​ យើង​មាន​មោទនភាព​ណាស់​ដែល​ឃើញ​កុមារ​កម្ពុជា​ចេះ​ឲ្យ​តម្លៃ​ខ្លួនឯង​ និង​ភាព​ជោគជ័យ​របស់​ខ្លួន​”​ ។​ ​

​លោក​ ង៉ុ​យ​ ហេ​ន​ ប្រធាន​សាខា​ទី​៥​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​មាន​ប្រសាសន៍​ថា​ “​យើង​រីករាយ​ណាស់​ដែល​ឃើញ​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​លម​ក​ទី​នេះ​ម្តងទៀត​ដើម្បី​ជួយ​គាំទ្រ​កុមារ​កំព្រា​ក្នុង​អង្គការ​របស់​យើង​ ។​ ពួក​គេ​ធ្វើ​ឲ្យ​កុមារ​មាន​អារម្មណ៍​កក់ក្តៅ​ និង​រំភើប​ជា​ខ្លាំង​។​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​មក​សួរ​សុខ​ទុក​កុមារ​របស់​យើង​នៅ​ទី​នេះ​។​ លើក​ទី​មួយ​នៅ​ខែ​មិ​នា​ឆ្នាំ​២០១៤​។​ ពួក​គេ​បាន​មក​សួរ​សុខ​ទុក​និង​បាន​នាំ​យក​សម្ភារ​សិក្សា​មួយ​ចំនួន​ធំ​ដើម្បី​ឧបត្ថម្ភ​ដល់​កុមារ​របស់​យើង​ ហើយ​ថ្ងៃនេះ​ពួក​គេ​បាន​មក​សួរ​សុខ​ទុក​ ហើយ​ព្រមទាំង​បាន​នាំ​យក​កន្សែងពោះគោ​ចំនួន​៦០០​ដើម្បី​ចែក​ជូន​ដល់​កុមារ​របស់​យើង​ផង​ដែរ​”​ ។​ ​ ​

គាត់​បាន​បន្ត​ទៀត​ថា​ “​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤​ ហើយ​ផ្តល់​នូវ​កម្មវិធី​អប់រំ​ផ្លាស់​ប្តូរជីវិត​ កម្មវិធី​អាហារូបត្ថម្ភ​ និង​ការ​ព្យាបាល​ដល់​កុមារ​ដែល​ងាយ​រង​គ្រោះ​មក​ពី​សហគមន៍​ក្រីក្រ​បំផុត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។​ នា​ពេល​បច្ចុប្បន្ន​នេះ​ យើង​ថែទាំ​កុមារ​ជាង​ ២,០០០​នាក់​ ។​ កុមារ​ទាំងអស់​នៅ​ក្នុង​អង្គការ​នេះ​ គឺជា​កុមារ​កំព្រា​មក​ពី​សហគមន៍​មូលដ្ឋាន​ និង​រាជធានី​ភ្នំពេញ​។​ យើង​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​សណ្តាន​ចិត្ត​ទាំងនេះ​”​ ។​ ​ ​

កុមារី​ម្នាក់​ដែល​បាន​ទទួល​កន្សែងពោះគោ​បាន​និយាយ​ថា​ “​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ ពីព្រោះ​ខ្ញុំ​មាន​កន្សែងពោះគោ​ថ្មី​ដើម្បី​ប្រើប្រាស់​បន្ទាប់​ពី​ងូតទឹក​រួច​។​ កន្សែងពោះគោ​ថ្មី​ទាំងនេះ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ ។​ ខ្ញុំ​សូម​អរគុណ​ដល់​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដែល​បាន​មក​សួរ​សុខ​ទុក​ និង​បាន​ឧបត្ថម្ភ​កន្សែងពោះគោ​ដល់​ពួក​យើង​ ។​ ម្យ៉ាងវិញទៀត​ ពួក​គេ​បាន​ជម្រុញ​លើកទឹកចិត្ត​ពួក​យើង​ឲ្យ​ខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ពួក​យើង​។​ ខ្ញុំ​ស្រឡាញ់​ និង​ត្រូវការ​ពួក​គេ​”​ ៕​ ស​ ដា​រ៉ា

...

P2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print