រដ្ឋមន្ត្រីការបរទេសឥណ្ឌា៖ ស្ថានភាពនៅព្រំដែនឥណ្ឌានិងចិន កាន់តែគ្រោះថ្នាក់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី ២៨ខែមីនា បានផ្សាយថា រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Jaishankar នៅថ្ងៃសៅរ៍នេះ បាននិយាយថា ស្ថានការណ៍រវាងឥណ្ឌានិងចិននៅឯតំបន់Ladakh ភាគខាងលិចជួរភ្នំហិម៉ាល័យ នៅបន្តមានភាពផុយស្រួយនិងគ្រោះថ្នាក់ដដែល ខណៈកងកម្លាំងយោធានៃប្រទេសទាំងពីរ ត្រូវបានដាក់ពង្រាយកៀកគ្នាជាខ្លាំង នៅតាមផ្នែកខ្លះនៃតំបន់នោះ។

ទាហានយ៉ាងតិចសរុប២៤នាក់ បានបាត់បង់ជីវិត នៅពេលភាគីទាំងពីរបានប៉ះទង្គិចគ្នាក្នុងតំបន់ខាងលើ កាលពីពាក់កណ្តាលឆ្នាំ ២០២០ ប៉ុន្តែស្ថានការណ៍បានថយចុះកម្តៅមកវិញ ក្រោយមានកិច្ចសន្ទនាតាមច្រកការទូត និងយោធាជាច្រើនជុំ។ កាលពីខែធ្នូ ឆ្នាំទៅមិញ អំពើហិង្សាក៏បានផ្ទុះឡើងជាថ្មីនៅចំណុចភាគខាងកើត នៃតំបន់ដែលគ្មានបន្ទាត់ព្រំដែនច្បាស់លាស់នោះផងដែរ រវាងមហាយក្សអាស៉ីទាំង២ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរក្នុងដៃដូចគ្នា ប៉ុន្តែវាពុំបានបង្កឱ្យមានមនុស្សស្លាប់ឡើយ។
នៅថ្ងៃសៅរ៍នេះ លោក ចាយសានកា បានលើកឡើងយ៉ាងដូច្នេះថា «តាមការយល់ឃើញរបស់ខ្ញុំ ស្ថានការណ៍នាពេលនេះ គឺហាក់នៅតែមានលក្ខណៈផុយស្រួយខ្លាំងដដែល ដោយសារកន្លែងខ្លះនៅមានការដាក់ពង្រាយកងទ័ពរបស់ពួកយើង ស្ថិតនៅកៀកគ្នាយ៉ាងខ្លាំង ដែលក្នុងការវាយតម្លៃខាងយោធា វាគឺជារឿងដ៏គ្រោះថ្នាក់មួយ»។
លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសង្កត់ធ្ងន់ថា ឥណ្ឌានិងចិនមិនអាចត្រឡប់ទៅរកប្រក្រតីភាពវិញនោះទេ រហូតទាល់តែជម្លោះព្រំដែន អាចត្រូវដោះស្រាយទៅបាន ដោយស្របតាមកិច្ចព្រមព្រៀងជាគោលការណ៍ កាលពីខែកញ្ញា ឆ្នាំ២០២០ ដែលលោកសម្រេចបានជាមួយសមភាគីចិន។ លោក ចាយសានកា បានអះអាងថា រូបលោកបានពិភាក្សាអំពីស្ថានការណ៍ព្រំដែន ជាមួយរដ្ឋមន្រ្តីការបរទេសចិនថ្មី គឺលោក ឈិន កាង (Qin Gang) នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G20 ដែលបាន​ប្រព្រឹត្ត​ទៅ នៅប្រទេសឥណ្ឌា ក្នុងខែនេះ៕ដោយ​ធីរីណា​

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print