ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីប្រព័ន្ធតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងសារយ៉ាងដូច្នេះថា ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀរ ពូទីន ដែលទីក្រុងមូស្គូបានបដិសេធថាជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការ ចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយ មានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអ៊ឺរ៉ុបនិងពិភពលោក ហើយរឿងនេះ មិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។ ដីកានេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្ដិភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថាលោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។ ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណាទៅនៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?
បច្ចុប្បន្ននេះ មានប្រទេសចំនួន១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៊ី ឥណ្ឌា និង ចិនមិនបានចូលជាសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។ ICC ( មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាល របស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែដីកាចាប់ខ្លួនរបស់ ICC នេះនឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែលពិភពលោកត្រូវធ្វេីការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះ វានឹងធ្វេីឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។
ខ្ញុំមិនដែលជឿថា សង្គ្រាមនុយក្លេអ៊ែរនឹងកើតឡើង បើទោះបីជាមានការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។ ខ្ញុំក៏បានលើកទឹកចិត្តភាគីទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការនិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែឥឡូវនេះមានប្រតិកម្មហួសជ្រុងពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិបតីពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ជាក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។ តើលោក ពូទីនសុខចិត្តឱ្យគេចាប់ខ្លួនគាត់ដោយមិនតទល់ឬយ៉ាងណា។ ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឱ្យគេចាប់ខ្លួនប្រធានាធីបតីរបស់ខ្លួនឬទេ? ចំណុចនេះហើយគឺជាចំណុចដែលឥឡូវសង្គ្រាមនុយក្លេអ៊ែរស្ទេីរក្លាយទៅជាការណ៍ពិតទៅហើយ។ ការគំរាមកំហែងមួយណាទៅលើលោកពូទីន ច្បាស់ណាស់ជាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡេីង ហើយនឹងចាប់ផ្ដើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ICC ផងក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរ មិនមែនត្រឹមតែ២០-៣០គីឡូម៉ែត្រនោះទេ គឺច្រើនរហូតដល់រាប់ពាន់គីឡូម៉ែត្រ៕ដោយ៖ស តារា