ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «យើងមិនអាចរងចាំរហូតដល់មានសន្ដិភាពពេញលេញទើបយើងធ្វើការកែទម្រង់នោះទេ»។ សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងពេលសម្ដេចតេជោធ្វើជានាយករដ្ឋមន្រ្ដី សម្ដេចបានដាក់ចេញកញ្ចប់កំណែទម្រង់ជាមួយគ្នាផងដែរ នៅក្នុងនោះគឺទីមួយកំណែទម្រង់ នយោបាយ និងទីពីរកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចសព្វថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ផ្ទៃក្នុងមិនយល់គឺជាគ្រោះថ្នាក់ធំណាស់នៅក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ ជាពិសេសលើការធ្វើកំណែទម្រង់នយោបាយរបស់ប្រទេសជាតិ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ចំណុចទាក់ទងនឹងការគ្រប់គ្រងសាធារណៈរបស់កម្ពុជា គឺមិនលំបាកដល់ការធ្វើកំណែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ដែលការធ្វើកំណែទម្រង់ទាំងពីរនេះ គឺទាមទារឱ្យសម្ដេចតេជោនាយករដ្ឋមន្រ្ដី ត្រូវយកជីវិតទៅប្ដូរគ្រប់ពេលទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ឥឡូវនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឈានដល់ ដំណាក់កាលទី៤ (២០២៣-២០២៧) ក្នុងគោលដៅ បង្កើនគណនេយ្យភាពសម្មតិកម្ម ខណៈកម្ពុជាបានដាក់ចេញនូវកំណែទម្រង់នូវដំណាក់កាលទី១ ត្រូវបានអនុវត្តពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ផ្ដោតលើគោលដៅផ្ដោតភាព ជឿទុកចិត្តលើថវិកា ក្នុងគោលបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ កំណែទម្រង់ដំណាក់ទី៣ គឺបង្កើនការផ្សាភ្ជាប់ថវិកាទៅលើគោលនយោបាយ និង កំណែទម្រង់ដំណាក់កាលទី៤ គឺបានដាក់ឱ្យ (២០២៣-២០២៧) បង្កើនគណនេយ្យភាពសម្មតិកម្មនេះឯង។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្នើនឹង ២០ ភាគរយ នៃថវិកាជាតិសរុបនោះទេ។ ផ្ទុយទៅវិញ កាលពី៣០ ឆ្នាំមុន ចំណូលក្នុងស្រុកដែលកម្ពុជាអាចរកបានដោយខ្លួនឯងមានត្រឹម២ ភាគ៣ នៃថវិកាជាតិសរុប តែប៉ុណ្ណោះ មានន័យថា តម្រូវការប្រមាណ ២ ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយធនធានជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស នេះគឺជាលទ្ធផលជាក់ស្ដែងដែលកម្ពុជាសម្រេចបានស្របតាមគោលជំហរដឹកនាំដែលសម្ដេចតេជោបានដាក់ចេញនាពេលកន្លងទៅ គឺ«កែទម្រង់រស់ មិនកែទម្រង់ស្លាប់»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា បានឈានចូលដល់យុទ្ធសាស្រ្ដកម្រិតខ្ពស់ ដែលជាគោលដៅចំបងរបស់រាជរដ្ឋាភិបាល គឺជាការប្រែប្រួលជាសារវន្តផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ដអាទិភាពដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្រ្ដីរាជការក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដល់បណ្ដាក្រសួងស្ថាប័ន ឱ្យបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្រ្ដី និងប្រធានស្ថាប័នត្រូវជំរុញការអនុវត្តនេះប្រកបដោយភាពជាម្ចាស់ស្របតាមគោលការរបស់រាជរដ្ឋាភិបាល។
គួរជម្រាបថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តលើកដំបូងពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច។ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងកែលម្អជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនកម្ពុជា។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ពោលគឺកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធ ដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ។
សមិទ្ធផលដ៏ត្រចះត្រចង់នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី១ (ឆ្នាំ២០០៥) រហូតមកដល់បច្ចុប្បន្ន បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចសន្សំ និងបង្ហូរថវិកាកាន់តែច្រើន ទៅកាន់វិស័យអាទិភាព ក៏ដូចជាអាចបង្កើនយ៉ាងច្រើន នូវធនធានវិនិយោគសាធារណៈក្នុងស្រុក, ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោះស្រាយវិបត្តិកូវីដ១៩, ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រងផលប៉ះពាល់ដោយអតិផរណា គ្រោះទឹកជំនន់ ជួយដល់កម្មករក្នុងវិស័យរងផលប៉ះពាល់ ជាមួយគ្នានេះថវិកាថ្នាក់ក្រោមជាតិក៏ត្រូវបានបង្កើនផងដែរ ដែលជាប្រការជួយលើកស្ទួយមួយកម្រិត ដល់ឯករាជ្យភាពផ្នែកថវិការបស់កម្ពុជា៕ដោយ៖ស តារា