ភ្នំពេញ៖ ពិធីបុណ្យកាត់ឬសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្គដ្ឋបូរី នឹងត្រូវធ្វើឡើង ក្នុងរយៈ ពេល៣យប់៤ថ្ងៃ ពោលគឺចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ខាងមុខនេះ ដែលគេដឹងថាទីអារាមដាក់ចេតិយអ្នកមានគុណរបស់សម្ដេចតេជោ
ហើយពិធីបុណ្យនេះត្រូវធ្វើឡើងដោយភាពអធឹកអធម និងខ្ពស់ត្រដែតជាមួយនឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរបំផុត។
នេះជាការបញ្ជាក់ឲ្យដឹងក្នុងកិច្ចប្រជុំរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកាត់ ឬសសីមាព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរី ដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លាខណ្ឌសែន សុខ នាព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងថា៖ វត្តព្រះបារមីវង្គដ្ឋបូរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិ
ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ទីវត្តនេះនឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ពោលគឺថ្ងៃ២៤មេសាជាថ្ងៃកាត់ឬសីមា ដែលនឹងគ្រោងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ។
លោកនាយឧត្តមសេនីយ៍ បានបន្តទៀតថា ពិធីបុណ្យនេះត្រូវធ្វើឡើងអោយធំនិងខ្ពង់ខ្ពស់ត្រដែតទាំងការនិមន្តព្រះសង្ឃ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំទីធ្លា អនាម័យបរិស្ថាន និងសោភណ្ឌភាព អោយសមទៅនឹងការគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ចំពោះមាតា បិតា របស់សម្តេចដែលតំកល់ធាតុនៅវត្តនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងថា៖ ការកសាងព្រះវិហារនៃវត្តព្រះបារមីវង្គដ្ឋបូរី ដោយព្រះវិហារវត្តនេះ ត្រូវបានកសាងឡើងវិញនៅថ្ងៃទី០៧ធ្នូឆ្នាំ២០១៦ ហើយបានបញ្ចប់នៅក្នុងឆ្នាំ២០២២ ដោយចំណាយថវិកាអស់ប្រមាណជាង១លានដុល្លារ ។ នេះមិនបានគិតបញ្ចូលពីការចំណាយលើការកសាងសមិទ្ធផលនានា នៅក្នុងបរិវេណ វត្តនេះនោះទេ ។
លោក ឃួង ស្រេង បានបន្តថា ក្នុងពិធីបុណ្យ៣យប់៤ថ្ងៃនេះ ជាគម្រោងនឹងរៀបចំក្រុមសិល្បៈកំសាន្តជាច្រើនក្រុមដើម្បីសម្តែងជូនទស្សនជនបានមើលកំសាន្តផងដែរ ដែលមានទាំងក្រុមល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគុំតន្ត្រីជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះចាំការសម្រេចពីគណកម្មាធិការបុណ្យជាតិជាមុនសិន។
សូមបញ្ជាក់ថា៖ ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីបុណ្យដ៏ធំនេះដំណើរការទៅដោយរលូន កាលពីសៀលថ្ងៃទី១៥ មីនាឆ្នាំ ២០២៣កន្លងមកនេះ លោកឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្តវត្តព្រះបារមីវង្គដ្ឋបូរីនេះផងដែរ ដើម្បីត្រៀមរៀបចំឲ្យបានប្រសើរឡើង ដោយគិតគូទាំងសណ្តាប់ធ្នាប់ របៀបរៀបរ យនិងបរិស្ថាន ទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម មានន័យថា នៅពេលកម្មវិធីចាប់ផ្តើម អ្វីៗ បានត្រៀមរៀបចំរួចជាស្រេច៕ . សំរិត