ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា ដោយបានសន្យាបន្ដទំនាក់ទំនងឱ្យកាន់តែល្អលើគ្រប់វិស័យ ។
លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការអបអរសាទរនិងកោតសរសើរយ៉ាងខ្លាំងចំពោះការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញបានល្អ និងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជាមួយនឹងការអភិវឌ្ឍរាជធានីភ្នំពេញរីកចម្រើនបានយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗរីកដូចផ្សិត។
ការកោតសរសើរបែបនេះធ្វើឡើង ខណៈដែលលោក ដូមីនីក វិលលៀមស៍ ជួបសម្តែងការគួរសមជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោក ដូមីនីក វិលលៀមស៍ បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រង់រដ្ឋបាលបានយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរផងដែរ។ កត្តាទាំងនេះបានទាក់ទាញអ្នកវិនិយោគទុនអង់គ្លេសមកធ្វើអាជីវកម្មរកស៊ីនៅស្រុកខ្មែរ និងទាក់ទាញភ្ញៀវទេសចរអង់គ្លេសមកដើរលេងកម្សាន្តនៅស្រុកខ្មែរយ៉ាងច្រើនផងដែរ។
លោក ដូមីនីក វិលលៀមស៍ ក៏បានកោតសរសើរផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញដែលបានបង្ការនិងទប់ស្ងាត់ជំងឺ covid -19 បានយ៉ាងល្អប្រសើរ ជាមួយនិងកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងនោះបានធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្តែងការគួរសមនោះ ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដោយសារតែកំណើនប្រជាពលរដ្ឋចេះតែកើនឡើង ។ រាជធានីភ្នំពេញ បានប្រឈមនឹងបញ្ហា២ នោះគឺបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាកកស្ទះសំរាម ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏បញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយជាបន្តបន្ទាប់ ។
លោកបន្តថា ក្រោយធ្វើការកែសម្រួលវិស័យដឹកជញ្ជូនសំរាមនេះ ឃើញថា សំរាមមានភាពល្អប្រសើរជាងមុន។ លោកជឿថា ក្នុងរយៈពេល ៤ទៅ ៥ឆ្នាំខាងមុខទៀត រាជធានីភ្នំពេញនឹងទុកដាក់សំរាម មានភាពល្អប្រសើរ មិនចាញ់បណ្ដាប្រទេសជឿនលឿនមួយចំនួនឡើយ។
លោកបន្ថែមទៀតថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្ដាទីក្រុងជាច្រើនរួចមកហើយ ដោយឡែកសម្រាប់ទីក្រុងនៃចក្រភពអង់គ្លេស រាជធានីភ្នំពេញមិនទាន់មានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយនឹងគ្នានៅឡើយទេ។ ដូច្នេះ លោកចង់ឱ្យរាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងនៃចក្រភពអង់គ្លេសឱ្យដូចបណ្តាទីក្រុងផ្សេងៗទៀតដែលភ្នំពេញ បានចងសម្ព័ន្ធភាពរួចហើយ។
គួរបញ្ជាក់ថា៖ ប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥៣ តែត្រូវផ្ដាច់វិញនៅឆ្នាំ១៩៧៥ ដោយសាររបបខ្មែរក្រហមនិងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ១៩៩១ ៕ ដោយ សំរិត