ខេត្តសៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្ពុជាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡា និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួចរាល់ហើយ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ការថ្លែងបែបនេះរបស់សម្តេចពិជ័យ ទៀ បាញ់ បានធ្វេីឡេីងក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នៅថ្ងៃទី២១ ខែមីនានេះ នៅប្រាសាទអង្គរវត្ត។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រសាសន៍សំខាន់ៗថា៖ «ព្រឹត្តិការណ៍នេះនឹងបង្ហាញមុខមាត់លើកតម្កើងមុខមាត់កម្ពុជា និងជាកម្លាំងថាមពលដែលត្រូវដាក់បង្ហាញពិភពលោកយើង វប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមខ្មែរដ៌រុងរឿងថ្កុំថ្កើងថែមទៀតតាមរយៈនយោបាយឈ្នះឈ្នះ»។
សម្តេចពិជ័យសេនា ថ្លែងថា ដើម្បីឱ្យព្រឹត្តិការណ៍កីឡាប្រកបដោយអស្ចារ្យ គឺទាមទារឱ្យមានការរួមកម្លាំងកាយចិត្តដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិជាប្រវត្តិសាស្ត្រនេះឱ្យប្រព្រឹត្តទៅទទួលបានជោគជ័យ។
សម្តេចពិជ័យសេនា ថ្លែងថា ទន្ទឹមនេះកម្ពុជាបានអភិវឌ្ឍបណ្តុះបណ្តាលធនធានកីឡា និងមន្ត្រីជំនាញបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក និងការពង្រឹងសហព័ន្ធកីឡាជាតិ។
សម្តេចពិជ័យសេនា ថ្លែងថា កម្ពុជា បាននិងកំពុងដំណើរការអនុវត្តការងារយ៉ាងសកម្ម ដើម្បីនាំមកនូវជោគជ័យជាប្រវត្តិសាស្ត្រជូនជាតិ និងដើម្បីមុខមាត់ កេរ្តិ៍ឈ្មោះ និងកម្លាំងថាមពលបង្ហាញទៅពិភពលោកឱ្យឃើញពីវប្បធម៌ អរិយធម៌ ទេសចរណ៍ និងសង្គមខ្មែរនាពេលបច្ចុប្បន្ន។
ដោយឡែកនាឱកាសនោះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែងថា ជាបឋមមានអត្តពលិកសរុបចំនួនជាង ១,១ម៉ឺននាក់ នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ គឺនៅសល់តែ ៤៥ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងនៅសល់តែ ៧៤ថ្ងៃទៀត នឹងឈានដល់ការប្រកួតកីឡាប៉ារ៉ាហ្គេម៕ដោយ៖សហការី