ខេត្តក្រចេះ សកម្មភាពបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ បានបន្ត កក្រើកឡើងវិញ តើការឈួសឆាយផ្លូវ បុកព្រៃ ជាមធ្យោបាយសម្រាប់ចូលកាប់ឈើ ដឹកជញ្ជូនឈើ ទាំងនេះជារឿងស្របច្បាប់ ឬជាការលួចដឹកជញ្ជូន កាប់បំផ្លាញឈើ គ្មានច្បាប់អនុញ្ញាត ពីជំនាញរដ្ឋបាលព្រៃឈើ ! ជាក់ស្តែង ក្រុមហ៊ុនស៊ីងបាយអូថេក បានចាប់ផ្តើមតម្រាយផ្លូវរបៀងក្រៅបរិវេណក្រុមហ៊ុន ដើម្បីទម្លុះផ្លូវទៅកាន់តំបន់ភូមិសាស្ត្រមួយចំនួននាភាគនិរតីព្រៃឡង់។
សូមបញ្ជាក់ថា, ក្រោយការតម្រាយផ្លូវដោយអាប៊ុលកង់ដែក រយៈពេលខ្លីរាប់សិបគីឡូម៉ែត្រនៅតំបន់ភូមិសាស្ត្រ ពាមអូរអន្សោម ទៅត្រពាំងតូចត្រពាំងធំ ជាផ្លូវរបៀងក្រៅបរិវេណមួយទៀត ជំនួសអោយផ្លូវចាស់ ដើម្បីដឹកជញ្ជូនឈើឈ្លិក ចូលក្នុងក្រុមហ៊ុន។
ក្រោយពីផ្អាកសកម្មភាពមួយឆ្នាំ ក្រុមហ៊ុនស៊ីងបាយអូថេក បានចាប់ផ្តើមតម្រាយផ្លូវរបៀងក្រៅបរិវេណក្រុមហ៊ុន ដើម្បីទម្លុះផ្លូវទៅកាន់តំបន់ភូមិសាស្ត្រមួយចំនួននាភាគនិរតីព្រៃឡង់ ដែលជាព្រៃសម្បូរទៅដោយប្រភេទឈើឈ្លិក នោះមានចំណុចត្រពាំងទា ចំណុចចែម៉ែ ចំណុចកាសាំយ៉ុង ។ល។ ស្ថិតនៅក្នុងតំបន់ការពាររបស់បរិស្ថាន នេះបើតាមបណ្តាញផ្តល់ព័ត៌មាននៅតំបន់ព្រៃឡង់។
ក្រុមហ៊ុនស៊ីងបាយអូថេក នេះ ស្ថិតនៅភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ មានផ្ទៃដីសរុបទំហំ៣៤,០០៧ហិកតា បានទទួលសិទ្ធិប្រើប្រាស់ដីព្រៃរេចរិលរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ រហូតមកទល់នឹងបច្ចុប្បន្ន។
ស្ថិតក្រោមសកម្មភាពក្រុមហ៊ុននេះ កំពុងត្រូវបានគេមើលឃើញថា បានរំលោភបំពានក្រៅដែនគ្រប់គ្រងរបស់ខ្លួន ដោយបញ្ជាប្រមូលទិញប្រភេទឈើឈ្លិក ទាំងមូល និងជ្រុង ពីតំបន់មួយចំនួននៅតំបន់ព្រៃឡង់ ក្បែរនឹងខេត្តកំពង់ធំ។
គេបានរាយការណ៍មកថា, ទាក់ទិននឹងសកម្មភាពនៅក្នុងតំបន់នោះ អ្នកធម្មតា និងគ្មានភារៈកិច្ច គឺត្រូវហាមឃាត់ និងសាកសួរ និងមិនអនុញ្ញាតអោយបុគ្គលណាម្នាក់យកស្មាតហ្វូនទៅជាប់នឹងខ្លួនឡើយ។ បើសិនជាអ្នកកាសែតវិញ គឺត្រូវហាមឃាត់ដាច់ខាតមិនអោយចូលទៅជិតទីតាំងក្រុមហ៊ុន ឬចូលដល់ចំណុចទីតាំងដែលពួកគេដាក់ផែនការគោលដៅ ដើម្បីកាន់ប្រមូលឈើឈ្លិកនោះដែរ។ នេះជាការលាក់លៀមបទល្មើស ឬជាសកម្មភាព ដឹកជញ្ជូនឈើពីព្រៃខាងក្រៅ ដឹកចូលក្រុមហ៊ុន ដើម្បីអោយទៅជាឈើស្របច្បាប់។ ករណីនេះក្រុមហ៊ុន ធ្វើបានក៏អាស្រ័យ មានទំនាក់ទំនងគ្នា ជាលក្ខណៈប្រព័ន្ធ ជាមួយ សមត្ថកិច្ចជាច្រើនស្ថាប័ន ជំនាញ ទើបអាចដំណើរការទៅបាន។
គេបានបង្ហើបថា, តែសម្រាប់អ្នកសារព័ត៌មានអនឡាញមួយចំនួនធំ ដ៏ច្រើន ដែលប្រមូលគ្នាទៅទៅទីនោះ គឺមានអ្នកសារព័ត៌មានអនឡាញម្នាក់ រង់ចាំ ដើម្បីសម្របសម្រួលបិទនូវព័ត៌មាននេះផងដែរ។ គេឆ្ងល់ថា, បិទព័ត៌មាន ឬមានអំពើសូកប៉ាន់ ធ្វើអីបើការដឹកជញ្ជូនឈើស្របច្បាប់ ! ហើយភារកិច្ច អ្នកសារព័ត៌មាន ក៏មិនមែនជា សមត្ថកិច្ច ជាអ្នកចាំសម្របសម្រួល បិទបាំងនូវសកម្មភាពក្រុមហ៊ុននោះឡើយ។ គួរវិលរក ការគោរព តាមក្រមសីលធម៌ វិជ្ជាជីវៈ របប សារព័ត៌មាន អោយបានត្រឹមត្រូវ ប្រកាន់ខ្ជាប់ខ្ជួន ចំពោះការណែនាំ ពីក្រសួងព័ត៌មាន ។
សូមបញ្ជាក់ផងដែរថា, តាមប្រភពព័ត៌មានដែលអង្គភាពបញ្ជាក់មណ្ឌលព័ត៌មាន”នគរវត្ត ” ទទួលបានពីក្រុមកម្មករមួយចំនួនបានបញ្ជាក់ថា, សកម្មភាពក្នុងការប្រមូលទិញឈើឈ្លី ឃ្លុំ ពីប្រជាពលរដ្ឋ ដឹកចូលក្រុមហ៊ុន ស៊ីងបាយអូថេក អាចម្ចាស់ក្រុមហ៊ុនមិនបានដឹង ដោយសារមានមនុស្សជាមេការពីររូប ទីមួយឈ្មោះវុធ ទីពីរឈ្មោះជា។
អ្នកទាំងពីរមានភារកិច្ចខុសពីគ្នា។ ឈ្មោះវុធគឺជាអ្នក ប្រមូលប្រជាពលរដ្ឋឲ្យចូលកាត់ឈើក្នុងតំបន់ព្រៃឡង់ក្រៅក្រុមហ៊ុន និងប្រមូលទិញឈឺវិញពីប្រជាពលរដ្ឋដឹកតាមគោយន្ត រថយន្តកែច្នៃ គោយន្តកន្ត្រៃ ។ ចំណែកឯឈ្មោះជា ហៅខាងក្រៅថាជាសណ្ដាន់រស់នៅខេត្តក្រចេះ គឺជាអ្នកធ្វើការវាស់វែងឈើសម្រាប់ដឹកជញ្ជូន ឬសម្រាប់លើកឈើដាក់ក្នុងរថយន្តដើម្បីដឹកបន្តទៅលក់នៅខាងក្រៅ។ ឈើទាំងនោះភាគច្រើនជាឈើដែលពួកគេចូលកាត់នៅក្នុងតំបន់ការពាររបស់បរិស្ថាន។
ពាក់ព័ន្ធនិងបញ្ហានេះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី 21 ខែមីនា ឆ្នាំ2023 ដោយទូរសព្ទចូលគ្មានអ្នកទទួល។ ដោយឡែកលោក នេត្រ ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃដដែលនេះ ក៏មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ខណៈទាក់ទងតាមប្រព័ន្ធតេឡេក្រាមខលមិនលើក។
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរស្រុក ខេត្ត សមត្ថកិច្ច មន្ត្រីជំនាញ មេត្តាចុះស៊ើបអង្កេតស្រាវជ្រាវ ថាតើបទល្មើសនេះបានកើតមានពិតប្រាកដឬមួយយ៉ាងណា ហើយអ្នកណានៅពីក្រោយខ្នង ឈ្មោះ វុធ ឈ្មោះ ជា ហៅជាសណ្ដាន់អ្នកខេត្តក្រចេះ ដែលថ្លើមធំហ៊ានប្រមូលទិញឈឺដែលកាត់បំផ្លាញចេញពីតំបន់ព្រៃឡង់ ៕
ដោយ : សហការី