ខេត្តកំពង់ចាម៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់បីខ្នងនៅក្នុងភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ដែលសមត្ថកិច្ចដាក់ការសង្ស័យថាអាចបណ្តាលមកពីឆ្លងចរន្តអគិ្គសនី ខណៈដែលម្ចាស់ផ្ទះទៅចម្ការបាត់។
មន្ត្រីនគរបាលស្រុកកងមាសបានឱ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះអស់បីខ្នងនេះ បានបង្កឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលមានម្ចាស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ៨៣ឆ្នាំ ដែលឆាបឆេះមុនគេដោយអគ្គិភ័យបានឆាបឆេះអស់ រួចបន្ដឆេះរាលដាលដល់ផ្ទះពីរខ្នងទៀត ប៉ុន្តែសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះកងកម្លាំងសមត្ថកិច្ចប្រើប្រាស់ឡានទឹក៥គ្រឿង និងទឹកអស់៨ឡាន ទើបអាចគ្រប់គ្រងបាន។
តាមប្រភពពីអ្នកជិតខាងបញ្ជាក់ទៀតថា ពេលអគ្គិភ័យឆាបឆេះនេះម្ចាស់ផ្ទះបានទៅចម្ការបាត់ ស្រាប់តែដល់ម៉ោង៨និង៣០នាទី ថ្ងៃទី២១ ខែមីនានេះ មានការឆ្លងចរន្តអគ្គិសនី បង្កឱ្យចេញជាអណ្តាតភ្លើងឆាបឆេះនៅលើផ្ទះ ទើបអ្នកជិតខាងផ្អើលឆោឡោហៅគ្នីគ្នាជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចស្រុកកងមាសភ្លាមៗដើម្បីជួយធ្វើអន្តរាគមន៍។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះអស់បីខ្នងនេះ ក្នុងនោះមានមួយខ្នងត្រូវភ្លើងឆាបឆេះអស់គ្មានសល់ ប៉ុន្តែពុំបង្កឱ្យមានមនុស្សរងរបួសឬគ្រោះថ្នាក់អ្វីឡើយ។ រីឯទំហំនៃការខូចខាតមិនទាន់បានដឹងនៅឡើយទេ៕ ដោយសុរិយា