នេះជាថ្ងៃទី២ហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដោយភាគីទាំងពីរសម្រេចបានតាមគោលដៅដែលគ្រោងទុក ពិសេសគឺទំនាក់ទំនងកាន់តែប្រសើរឡើងថែមទៀត ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីចិនលោក ស៉ី ជីនពីងនៅថ្ងៃអង្គារនេះបាននិយាយថា រូបលោកបានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំនេះ អំឡុងជំនួបក្រៅផ្លូវការជាមួយ លោក ពូទីន កាលពីថ្ងៃចន្ទម្សិលមិញ។
យោងតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់
រុស្ស៉ីផ្ទាល់បានឱ្យដឹងថា ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីឃែល មីស៊ូសទីន (Mikhail Mishustin) នៅថ្ងៃអង្គារនេះ លោក ស៉ី បាននិយាយយ៉ាងដូច្នេះថា «កាលពីម្សិលមិញ ខ្ញុំបានអញ្ជើញប្រធានាធិបតី ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅចិនក្នុងឆ្នាំនេះតាមវេលាសមស្របសម្រាប់លោក»។
លោកប្រធានាធិបតីចិនបានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ កាលពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលសរុប៣ថ្ងៃតបតាមការអញ្ជើញរបស់លោកប្រធានាធិបតី
រុស្ស៉ី។ កាលពីថ្ងៃចន្ទ លោក ស៉ី និងលោក ពូទីន បានជួបពិភាក្សាគ្នាលក្ខណៈក្រៅផ្លូវការ ហើយនៅក្នុងថ្ងៃអង្គារនេះមេដឹកនាំទាំងពីរនឹងត្រូវបើកកិច្ចប្រជុំកំពូលជាផ្លូវការ។
កាលពីចុងសប្តាហ៍កន្លងទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានប្រកាសចេញដីកាចាប់ខ្លួន លោក ពូទីន ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ ការចេញដីកានោះមានន័យថា ប្រទេសជាង១២០ដែលជាសមាជិករបស់ ICC មានកាតព្វកិច្ចចាប់ខ្លួនលោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះហ៊ានឈានជើងជាន់លើទឹកដីរបស់ពួកគេ។ យ៉ាងណាក្តី ចិនមិនមែនជាភាគីនៃ ICC ឡើយ៕ ដោយធីរីណា
រូបថត : DPA