សារព័ត៌មាន AFP នៅថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ នៅថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសថៃនឹងប្រាព្ធការបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា ក្រោយការរំលាយសភា ដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
ការប្រកាសកាលបរិច្ឆេទខាងលើកើតមានឡើងស្របពេលដែលគណបក្សនយោបាយថៃនានាកំពុងបង្កើនយុទ្ធនាការឃោសនារបស់ខ្លួនជាផ្លូវការនៅទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសកល ដែលទំនងនឹងក្លាយជាការប្រកួតប្រជែងចម្បងរវាងក្រុមគណបក្សគាំទ្រយោធា ដែលដឹកនាំលោក ប្រាយុទ្ធ ចាន់អូចា ហើយនិងគណបក្សប្រឆាំងធំបំផុតគឺគណបក្សភឿថៃ។ បក្សភឿថៃត្រូវគេរំពឹងថា នឹងរៀបចំព្រឹត្តិការណ៍ជារៀងរាល់ថ្ងៃ នៅទូទាំងប្រទេសថៃ ជាមួយវត្តមានកូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រា គឺអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត្រា ដែលមកទល់ពេលនេះគឺជាអ្នកនាំមុខគេក្នុងការស្ទង់មតិបន្តបន្ទាប់ ក្នុងនាមជាជម្រើសនាយករដ្ឋមន្រ្តីថៃថ្មី។
ការបោះឆ្នោតខែឧសភាខាងមុខ នឹងជាការបោះឆ្នោតសកលលើកទី២ហើយនៅក្នុងប្រទេសអាស៊ានមួយនេះ គិតចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៉ីណាវ៉ាត្រា ដែលត្រូវជាម្តាយមីងរបស់អ្នកនាង ផែថោងថាន។ លោក ប្រាយុទ្ធ បានបន្តជាមេដឹកនាំប្រទេសថៃតាំងពីពេលនោះរហូតមក ដោយលោកបានក្លាយជាប្រមុខរដ្ឋាភិបាលស៉ីវិល ក្រោយការបោះឆ្នោតសកល ឆ្នាំ២០១៩៕ ដោយធីរីណា
រូបថត : Reuters