សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ កុំបន់ស្រន់ឱ្យអាមេរិកខ្សោយផ្នែកសេដ្ឋកិច្ចឱ្យសោះ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឃើញធនាគារអាមេរិកដួល សូមកុំបន់ស្រន់ឱ្យអាមេរិកខ្សោយផ្នែកសេដ្ឋកិច្ចឱ្យសោះ ពីព្រោះថា ប្រទេសនីមួយៗ ត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក ហើយអាមេរិក គឺជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចពិភពលោក។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួនជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាលពីវិបត្តិសេដ្ឋកិច្ចពិភពលោកលើកមុន ក៏ផ្តើមចេញពីការចុះខ្សោយនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ។ សម្តេចបន្តថា យើងក៏មិនត្រូវរារាំងដល់ដំណើររីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិននោះដែរ ព្រោះយើងត្រូវសិក្សាពីគ្នាទៅវិញទៅមកដើម្បីទទួលផលប្រយោជន៍ទាំងអស់គ្នាក្នុងស្ថានភាពឈ្នះឈ្នះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យើងមិនត្រូវបន់ឱ្យប្រទេសណាមួយនៅលើពិភពលោកមានបញ្ហានោះឡើយ ហើយកម្ពុជាក៏មិនចូលរួមក្នុងយុទ្ធនាការដើម្បីបំផ្លាញប្រទេសណាមួយនោះដែរ។ 

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពល្អនៃសេដ្ឋកិច្ចអឺរ៉ុប និងអាមេរិក បានធានាដល់ការរីកចម្រើនរបស់កម្ពុជា ខណៈសម្ដេចលើកឡើងថាការបន់ឱ្យប្រទេសណាមួយដួលរលំគឺជាគំនិតដែលមិនល្អ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម័យបច្ចុប្បន្នគឺជាសម័យប្រកួតគ្នាដើម្បីការរីកចម្រើន និងពឹងពាក់គ្នាទៅវិញទៅមក ព្រោះការដួលរលំនៃប្រទេសណាមួយទោះតិចឬច្រើននឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសដទៃទៀតជាមិនខាន។

សម្ដេចថា៖ «គ្រាន់តែស្រីលង្ការដួលរលំមួយបានធ្វើឱ្យឈឺក្បាលពេញពិភពលោក។ កម្ពុជា និងពិភពលោកពឹងលើការរីកលូតលាស់របស់អាមេរិក»។

សម្ដេចតេជោ ថ្លែងបែបនេះក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ៕ 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print