ភ្នំពេញ : ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ក្រុមការងាររបស់ក្រសួងមហាផ្ទៃ បាននឹងកំពុងពិនិត្យ និងពិភាក្សាទៅលើវឌ្ឍនភាពរបាយការណ៍ការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ដែលសម្រេចបានចាប់តាំងពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ដើម្បីរក្សាទុកនូវរាល់ឯកសារដែលជាស្នាដៃរបស់អគ្គនាយកដ្ឋាននីមួយៗសម្រាប់ជាឯកសារស្រាវជ្រាវដល់អ្នកជំនាន់ក្រោយ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានទាំងអស់ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះផងដែរ លោក នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីលទ្ធផលនៃវឌ្ឍនភាពរបស់ក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្នថា ដោយផ្នែកលើស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបន្តខិតខំរៀបចំចងក្រងប្រមូលឯកសារពាក់ព័ន្ធនានាដែលបានមកពីអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ មានប្រសាសន៍ឱ្យដឹងថាដំណើរការពិនិត្យលើការងារ រៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្នបានរៀបចំប្រជុំ៣លើករួចមកហើយ។ ហើយសម្រាប់កិច្ចប្រជុំនាថ្ងៃនេះជាកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យចំពោះវឌ្ឍនភាពការងារដែលក្រុមការងារក្រសួង បានប្រមូលចងក្រងរហូតមកដល់ពេលនេះ។ ទន្ទឹមនឹងលទ្ធផលនេះដែរ នាយឧត្តមសេនីយ៍ បានបន្តថា នៅមានអគ្គនាយកដ្ឋានមួយចំនួន មិនទាន់បានចូលរួមប្រមូលចង់ក្រងឯកសារ និងការងារពាក់ព័ន្ធរបស់អង្គភាពខ្លួនយកបញ្ចូលក្នុងរបាយការណ៍រួមរបស់ក្រសួងនៅឡើយ ដែលជាហេតុធ្វើឱ្យការរៀបចំឯកសារសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ននៅមិនទាន់ពេញលេញ។
បន្ថែមជាមួយគ្នានោះដែរ លោក រដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានខិតខំប្រមូលចងក្រងរៀបចំសមិទ្ធផលការងារពាក់ព័ន្ធនានារបស់ក្រសួងមហាផ្ទៃ ដែលធ្វើឱ្យលទ្ធផលមានវឌ្ឍនភាពទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ទន្ទឹមនេះ លោក បានណែនាំដល់អគ្គនាយកដ្ឋានដែលមិនទាន់បានបញ្ជូនឯកសារមកក្រុមការងារបូកសរុបនៅឡើយ សូមឱ្យ រៀបចំក្រុមការងារតាមអង្គភាពរបស់ខ្លួនឱ្យបានឆាប់ ដើម្បីឱ្យមានការចូលរួមពីគ្រប់អង្គភាព និងធ្វើឱ្យឯកសារមានប្រភពច្បាស់លាស់ សម្រាប់ដាក់បញ្ចូលគ្នាក្នុងរបាយការណ៍រួមរបស់ក្រសួងមហាផ្ទៃ។ លើសពីនេះ លោក ក៏បានណែនាំឱ្យក្រុមការងារបន្តខិតខំសិក្សាស្រាវជ្រាវប្រមូលព័ត៌មានដែលនូវសេសលសល់ពាក់ព័ន្ធនឹងពីសមិទ្ធផលនៅតាមអគ្គនាយកដ្ឋានរបស់ខ្លួន ដើម្បីឱ្យសម្រេចបានជោគជ័យលើការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ បានជាសមិទ្ធផលរួមជាទស្សនវិស័យវែងឆ្ងាយ៕
ដោយ៖ សហការី