ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីក្រៀល – Sarus Crane៖ មានឈ្មោះវិទ្យាសាស្ត្រ Grus antigone រីឯសត្វយំ ឬសត្វចាំត្រពាំងមានឈ្មោះ Coral-billed Ground-Cuckoo (Carpococcyx renauldi) បច្ចុប្បន្នរស់នៅស្រុកវ៉ារិន ខេត្តសៀមរាប។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ក្រៀល៖ ជាប្រភេទសត្វដែលកំពុងទទួលរងការគំរាមកំហែង (VU) លើពិភលោក ក្នុងបញ្ជីក្រហម IUCN វាមានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ភាគច្រើនរស់នៅតាម តំបន់វាលទំនាបលិចទឹក វាលស្រែ តាមតំបន់ វាលស្មៅក្នុងព្រៃល្បោះ នៅតំបន់ភូមិភាគឧត្តរនៃប្រទេស តំបន់បឹងទន្លេសាប ជាពិសេសខេត្តព្រះវិហារ បន្ទាយមានជ័យ កំពត និងតាកែវ។
វាមានដងខ្លួនធំហើយខ្ពស់ ពណ៌ប្រផេះ ក្បាលពណ៌ក្រហម ដោយមានបន្ទូលក្បាលប្រផេះគ្មានរោម ចំពុះវែងត្រង់ ជើងក្រហមវែង និងជាប្រភេទសត្វស្លាបដែល មិនអាចទុំលើដើមឈើបាន។
ក្រៀលរកចំណីជាហ្វូង តែបន្តពូជមិនប្រមូលផ្តុំគ្នាឡើយ ជាសត្វមាន ភក្ដីភាពរវាងគូរបស់វា ដោយបន្តពូជតែញីមួយ ឈ្មោលមួយប៉ុណ្ណោះ ហើយបន្តពូជនៅតំបន់ភាគឧត្តរ និងឦសាននៃប្រទេស ជាពិសេសខេត្តព្រះវិហារ៕ដោយ៖សហការី