សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរជាតិគ្រឿងញៀន ឱ្យសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន នៅតាមមូលដ្ឋានឱ្យមានភាពជាក់លាក់

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន នៅតាមមូលដ្ឋាននីមួយៗ ដើម្បីដឹងតួលេខជាក់លាក់មួយយ៉ាងពិតប្រាកដ។

ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ការស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន គឺធ្វើឡើងតាមរយៈ ភូមិ-ឃុំ-ស្រុក រួចហើយបញ្ជូនមកខេត្ត ដើម្បីបូកសរុបបញ្ចូលគ្នា។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា “ខ្ញុំ សូមស្នើអាជ្ញាធរគ្រឿងញៀន សហការជាមួយនឹងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីធ្វើការស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន ឱ្យមានតួលេខ។ ឥឡូវយើងគ្រាន់តែស្មានថា ប្រហែលប៉ុណ្ណេះ ប៉ុណ្ណោះ ដោយយើងអត់បានសិក្សា។ យើងសិក្សាធ្វើពីភូមិមក ឱ្យមេភូមិរាយការណ៍មក មានប៉ុន្មាននាក់ប្រើប្រាស់គ្រឿងញៀន ចឹងយើងប្រមូលពី ភូមិ-ឃុំ-ស្រុក មកឱ្យខេត្ត ហើយបូកបញ្ចូលគ្នា យើងឃើញហើយ ទោះវាមិនត្រូវ ១០០%ក៏ដោយ តែគ្រាន់បើជាងអង្គុយស្មាន”។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តប្ដេជ្ញាយ៉ាងមោះមុត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងវិស័យឯកជន ជាដើម ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមការពារសុវត្ថិភាពសង្គមរបស់កម្ពុជា៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print