ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការឆបោកប្រាក់តាមបណ្ដាញសង្គម និងប្រព័ន្ធទូរស័ព្ទ។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សូមជម្រាបជូនសាធារណជនជ្រាបថា នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយប្រេី គណនីបណ្តាញសង្គមនសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្ដាន ឬមិត្តភក្ដិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ ឬជាសម្លេង បន្លំជាសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះ ឬទូរស័ព្ទផ្ទាល់ទៅកាន់ជនរងគ្រោះ ដើម្បី សុំខ្ចីប្រាក់ ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លី ដោយផ្ទេរប្រាក់ឱ្យពួកគេតាមកម្មវិធី ទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងាររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។
សេចក្តីដូចបានជម្រាបជូនខាងលើនេះ ធនាគារជាតិនៃកម្ពុជា សូមស្នើឱ្យសាធារណជន រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ ជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕ដោយ៖សហការី